អ្វីទៅជាកម្មវិធី កូដបើកចំហ(Open Source) និង កូដបិទជិត (Close Source)?
មនុស្សក៏មានបែងចែកខ្ពស់ទាប ធំតូចដែរ ដូច្នេះកម្មវិធីកុំព្យូទ័រ និង កម្មវិធីវិបដែលយើងកំពុងប្រើរាល់ថ្ងៃនេះ ក៏មានការបែងចែកដែរ មានដូចជា កម្មវិធីកូដបើកចំហ និង កម្មវិធីកូដបិទជិត។ តើកម្មវិធីទាំងពីរប្រភេទនេះវាខុសគ្នាត្រង់ណា?
កម្មវិធីកូដបើកចំហ មិនមានន័យថាជាកម្មវិធីឥតគិតថ្លៃទេ យើងអាចបង្កើតអាជ្ញាប័ណ្ណខ្លួនឯង ឬយកអាជ្ញាប័ណ្ណណាមួយមានស្រាប់ដែលយើងចង់អោយអ្នកប្រើប្រាស់គោរពតាមលក្ខខ័ណ្ឌរបស់យើង។ ដូចនេះយើងអាចសរសេរកម្មវិធី កូដបើកចំហ ហើយលក់វាដោយមានអាជ្ញាប័ណ្ណដូច Windows ក៏បានដែរ តែស្ថិតក្នុងគោលការណ៍ កម្មវិធីកូដបើកចំហ អ្នកទិញត្រូវមានសិទ្ធអាចមើលឃើញកូដរបស់កម្មវិធីយើងបាន។ ជាមួយការអាចមើលឃើញកូដនេះ អាស្រ័យទៅតាមអាជ្ញាប័ណ្ណដែលយើងកំណត់ អ្នកទិញអាច៖
- មិនមានសិទ្ធិធ្វើការកែប្រែកូដ មិនមានសិទ្ធិចែកចាយ
- មិនមានសិទ្ធិកែប្រែកូដ មានសិទ្ធិចែកចាយ
- មានសិទ្ធិកែសម្រាប់ប្រើតែផ្ទាល់ខ្លួន និងមិនអាចចែកចាយ
- មានសិទ្ធិកែសម្រាប់ប្រើផ្ទាល់ខ្លួននិងចែកចាយ តែត្រូវយោងទៅម្ចាស់កូដដើម
- មានសិទ្ធិកែសម្រាប់ប្រើទូទៅ ដោយអាចដាក់ជារបស់កម្មសិទ្ធិផ្ទាល់របស់ខ្លួន ។ល។
នៅពេលបច្ចុប្បន្ននេះប្រភេទកម្មវិធីទាំងនេះ ក៏មានប្រជាប្រិយភាពគួរសមដែរ នៅក្នុងពិភពកម្មវិធីកុំព្យូទ័រនៅលើពិភពលោក។
ចំណែកឯកម្មវិធី កូដបិទជិត គឺជាកម្មវិធីដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដូច កម្មវិធីកូដបើកចំហ ដែរ គ្រាន់តែប្រភេទកម្មវិធីទាំងនេះគឺគេមិនអនុញ្ញាតឲ្យយើងមើលកូដ ឬ កែកូដនោះទេ។ កម្មវិធីនេះចែកចេញជាពីរផ្នែកទៀតគឺ៖
-
Freeware
-
Shareware
-
Adware
-
-
Trial Version
១.Freeware
ជាប្រភេទកម្មវិធីអាចប្រើបានដោយឥតគិតថ្លៃ តែមិនអាចចែកចាយបានដោយសេរីនោះទេ ព្រោះប្រភេទកម្មវិធីទាំងនេះ គឺមានអាជ្ញាប័ណ្ណចំពោះអ្នកផលិតផ្ទាល់ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់អ្នកប្រើដែរ។
១.១. Shareware
ជាប្រភេទកម្មវិធីមិនមែនប្រើបានដោយឥតគិតថ្លៃនោះទេ តែអាចចែកចាយបាន។ កម្មវិធីទាំងនេះគេបានដាក់ឲ្យយើងប្រើបានពេញលេញ តែនឹងត្រូវបិទលែងឲ្យដំណើរការនៅខណៈពេលណាមួយ ដែលគេបានកំណត់។ ដូចជា Kaspersky ជាដើម គេដាក់ឲ្យយើងប្រើបានចំនួន ៣០ថ្ងៃដែលអាចប្រើបានពេញលេញ តែពេលដែលគ្រប់៣០ថ្ងៃហើយ គឺវាបិទលែងឲ្យបើកប្រើដំណើរការតែម្ដង។
១.២. Adware
ជាប្រភេទកម្មវិធីអាចប្រើបានដោយឥតគិតថ្លៃ តែមិនអាចចែកចាយបានទេ តែកម្មវិធីប្រភេទនេះ ពេលដំឡើងមកមានភ្ជាប់មកជាមួយការផ្សាយពាណិជ្ជកម្មមួយចំនួន ដែលធ្វើឲ្យសភាពកម្មវិធីមិនទូលាយ និងមិនល្អ។ ហើយកម្មវិធីប្រភេទនេះខ្លះទៀត ប្រសិនបើចង់ដកការផ្សាយពាណិជ្ជកម្មផ្សេងៗចេញ យើងត្រូវតែទិញកម្មវិធីនេះក្នុងកំណែផ្សេងមួយទៀត ទើបមិនមានការផ្សាយពាណិជ្ជកម្មទៀត។ ដូចជា៖ Download Accelerator Plus កម្មវិធីនេះជាកម្មវិធីប្រភេទ Adware។
២. Trial Version
ជាប្រភេទកម្មវិធីដែលដាក់ឲ្យទាញយកទៅប្រើបានដោយឥតគិតថ្លៃ តែលក្ខណៈពិសេសមួយចំនួនរបស់កម្មវិធីទាំងនេះ ត្រូវបានបិទ និយាយរួមគឺគេមិនអនុញ្ញាតឲ្យយើងប្រើបានពេញលេញដូច Shareware អីនោះទេ។ ដូច្នេះប្រសិនបើយើងចង់ប្រើបានពេញលេញ លុះត្រាតែយើងត្រូវតែទិញកម្មវិធីសិន ទើបលក្ខណៈពិសេសដែលបានបិទនោះ បើកឡើងវិញ ហើយយើងអាចប្រើវាបាន។
ប្រសិនបើលោកអ្នកមានមតិយោបល់បន្ថែម នៅលើប្រកាសន៍មួយនេះ សូមមេត្តាទម្លាក់មតិមួយនៅពីក្រោមនេះ ដើម្បីចូលរួមស្ថាបនាអត្ថបទនេះជាមួយគ្នា ទុកជាធនធានមេរៀនដល់អ្នកដទៃទៀត។