អត្ថបទមុនបានរៀបរាប់រួចមកហើយអំពី CMS មួយចំនួនដែលអាចចាត់ទុកថាមានប្រជាប្រិយភាពជាងគេ។ Wikipedia ក៏មានបញ្ជី CMS រាប់សិបដែលយើងមិនអាចចាំអស់ ហើយរឹតតែមិនមានពេលសាកល្បងម្ដងមួយៗឱយបានចប់ក្នុងពេលឆាប់រហ័ស បានដែរ។ ជួនកាល មានសេវាកម្មមិនគិតថ្លៃដែលអនុញ្ញាតិឱយយើងបង្កើត web site ដោយមិនគិតថ្លៃ អាចផ្ទុកឯកសារបានដោយគ្មានកំនត់ ឯ server ទៀតសោត គេជាអ្នកគ្រប់គ្រងជំនួស គេចាត់ចែងកម្មវិធីឱយយើងប្រើបានដោយងាយស្រួល។
មានអ្នកសាច់ កម្មជាច្រើន ជាពិសេសអ្នកចង់សាកល្បងចង់ចេះវិជ្ជារយជំពូក ឬ អ្នកសិក្សាផ្នែកកុំព្យូទ័រ មិនអាចអត់ទ្រាំស្រាវជ្រាវកម្មវិធី របស់គេនិងយកមកតំលើងខ្លួនឯងឱយខាងតែបាន។ ចំនែក ក្រុមហ៊ុនធំៗ សេវាកម្មធំៗ ដែលមានសមាជិកដល់រាប់ពាន់ រាប់លាន តំរូវឱយសរសេរកម្មវិធីដោយខ្លួនឯងតែម្ដង។ អ្នកសិក្សាភាគច្រើនក៏អាចប្រើប្រាស់ Framework មួយចំនួនផងដែរ ដើម្បី បង្កើត web site ដែលមានដំនើរការ តាមដែលខ្លួនចូលចិត្ត។ ផ្ទុយទៅវិញ បើមើលពីសំបកក្រៅ Web site គ្មានអ្វីក្រៅពី អត្ថបទ, រូបភាព, វីដេអូ, និង effect មួយចំនួនសំរាប់ទាក់ទាញភ្នែកតែប៉ុណ្ណោះ។ ដូច្នោះ មានកត្តាជាច្រើនដែលអាចមានឥទ្ធិពលលើការជ្រើសរើសយើងកម្មវិធី ឬ ឧបករណ៍ណាមួយយកមកប្រើ នៅពេលណា, ព្រោះ អ្វី, ដើម្បីអ្វី,…
បច្ចេកវិទ្យា
គ្មាននរណាម្នាក់ចង់ប្រើប្រាស់សំភារៈហួសសម័យនោះទេ លើកលែងតែមនុស្សនោះមិនទាន់សម័យ ឬ ឧបករណ៍នោះ ពិតជាមានគុណភាពល្អលើសគេមែន។ ដូចគ្នាដែរ web site អាចសរសេរដោយដៃសុទ្ធ, អាចប្រើរូបភាពមួយផ្ទាំងជំនួសក៏បាន, អាចដំនើរការលើកម្មវិធី web ដែលគេគ្រប់គ្រងឲ្យហើយក៏បាន (wordpress.com, tumblr.com, blogger.com), ម្ចាស់គេហទំព័រអាចដំឡើងដោយខ្លួនឯងក៏បាន (WordPress, Joomla, Drupal, Typo3,…), ឬ ក៏ក្រុម developer ណាមួយត្រូវបង្កើតឡើងថ្មីសុទ្ធសាធដើម្បីឆ្លើយតបដំនើរការដោយឡែក ណាមួយដែល CMS មិនអាចធ្វើបាន។
សព្វថ្ងៃ យើងគួរពិចារណាដោយពឹងផ្អែកលើសុវត្ថិភាព (security) ជាចំបងដើម្បីជៀសវាងការវាយប្រហារណាមួយដោយមិនដឹងខ្លួន។ ជួនកាល ក្រុមហ៊ុនផ្សព្វផ្សាយផលិតផលខ្លះ ព្យាយាមធ្វើឲ្យ Search Engine បង្ហាញទំព័ររបស់ខ្លួននៅលើគេ (SEO: search engine optimization) ដោយធ្វើតាមទាំងផ្លូវភ្លឺ និង ផ្លូវងងឹត។ ជួនកាល ទំព័រនីមួយៗគួរតែមានកូដដែលត្រូវតាមស្តង់ដារបច្ចុប្បន្ន HTML, XHTML, strict, stransitional,…. ដែលត្រូវបានកំនត់និងកែសំរួលជាបន្តបន្ទាប់ដោយ w3c.org។ ជួនកាលបច្ចេកវិទ្យាខ្ពស់ពេក អាចតំរូវចិត្តតែសមាជិកមួយភាគ តូចដែលមានចំនេះដឹងគ្រប់គ្រាន់ដើម្បីប្រើប្រាស់ឧបករណ៍ដែលមាន ស្រាប់បានគ្រប់គ្រាន់។ បច្ចេកវិទ្យាទាបពេក គេហទំព័រយើងនឹងត្រូវបានអ្នកអានកប់ទុកក្នុងសារមន្ទីរជាមិនខាន។
Web 2.0 មិនមែនជាការផ្សព្វផ្សាយតែមួយផ្លូវទៀតឡើយ។ ទំព័រ ឬ អត្ថបទ ឬ រូបភាពណាមួយដែលយើងផ្សព្វផ្សាយ អាចអនុញ្ញាតិឱយអ្នកអានចូលរួមបញ្ចេញមតិ ឬ ចូលរួមបន្ថែមខ្លឹមសារ ឬ កែលំអដោយមិនចាំបាច់អ្នកមានចំនេះដឹងសរសេរកូដ HTML ទៀតឡើយ។ យើងក៏មិនអាចចាត់ទុកថា web site ជាកម្មវិធីនៅលើ desktop ទៀតឡើយ ព្រោះអ្នកចូលរួមកែប្រែខ្លឹមសារមានច្រើនគ្នា នៅពេលណាក៏បានឱយតែ Server ដំនើរការ។ ថ្វីបើបច្ចេកវិទ្យាមានលក្ខណៈសំបូរបែបយ៉ាងនេះក្ដី សុវត្ថិភាពនៅតែជាបញ្ហាចំបង។ Hackers តែងមានមធ្យោបាយថ្មីៗជ្រៀតចូលក្នុងទំព័រយើងជានិច្ច។ ដូច្នោះ ប្រព័ន្ធដំនើរការរបស់យើងត្រូវតែវិវត្តឱយបានឆាប់រហ័សបំផុត។
អ្នកប្រើប្រាស់
បច្ចេកវិទ្យា ត្រូវសំរបទៅតាមកត្តាអ្នកប្រើប្រាស់ផងដែរ។ បើយើងបង្កើត web site សំរាប់មជ្ឈដ្ឋានទូទៅចូលរួមសរសេរអត្ថបទ ឬ upload រូបភាព ឬ វីដេអូ,… form ទាំងឡាយត្រូវរៀបចំឱយមានភាពងាយស្រួលបំផុត។ អ្នកទាំងនោះអាចជាអ្នកនិពន្ធ, អ្នកថតរូប, អ្នកស្រាវជ្រាវ … ដែលមិនមានបទពិសោធន៍ទាល់តែសោះក្នុងការសរសេរកូដបានត្រឹមត្រូវ ដូច developers។ ឧទាហរណ៍ អ្នកចូលរួមសរសេរអត្ថបទគួរមើលឃើញ ត្រឹមតែចន្លោះសំរាប់ដាក់ចំនងជើងនិងអត្ថបទ អ្នកត្រួតពិនិត្យអាចកែប្រែអត្ថបទរបស់អ្នកដទៃបាន អ្នកគ្រប់គ្រងទំព័រអាចមានសិទ្ធិច្រើនជាងនេះទៀតដើម្បីគ្រប់គ្រង ទំព័រ…។
ជាធម្មតា អ្នកប្រើប្រាស់ចូលចិត្តធ្វើអ្វីតាមទំលាប់របស់គេ មើលឃើញយ៉ាងណាត្រូវតែបង្ហាញលទ្ធផលចុងក្រោយយ៉ាងហ្នឹង។ ខុសពី developers ដែលត្រូវរៀបចំដំនើរការខាងក្នុងទំព័ររបស់ខ្លួនឱយឆ្លើយតបឱយបាន ឆាប់រហ័ស។ ឧទាហរណ៍ ដើម្បីបង្ហាញអត្ថបទដែលបានរៀបចំហើយគេត្រូវចុច mouse បី ទៅ បួនដង ឬ ដើម្បីបង្ហោះរូបភាព ១០០ សន្លឹក គេត្រូវ submit ម្ដងមួយៗ នោះបានន័យថាយើងកំពុងលើកទឹកចិត្តឱយសមាជិកទាំងចាស់ទាំងថ្មី ឈប់ប្រើសេវាកម្មរបស់យើងហើយ។ Persona ជាពាក្យដែលគេប្រើញឹកញាប់ក្នុងដំនាក់កាលរៀបចំ prototype។ Developers អាចស្មានទុកមុនថាសមាជិកប្រភេទអ្វីខ្លះនឹងក្លាយជាអ្នកប្រើ ប្រាស់កម្មវិធីរបស់ខ្លួន ឧបករណ៍ណាខ្លះដែលគួរអនុញ្ញាតិឱយប្រើយោងទៅតាមតួនាទីរបស់សមាជិក នីមួយៗ។
ដូច្នោះ ការជ្រើសរើស CMS ឬ framework ណាមួយ មកប្រើក៏អាស្រ័យទៅតាមគោលដៅផងដែរ។ ជួនកាល ឧបករណ៍ខ្លះមានអ្នកប្រើច្រើនលើសលុបតែអ្នកទាំងនោះសុទ្ធតែអ្នក ស្រាវជ្រាវវិទ្យាសាស្ត្រ ឬ ត្រឹមតែអ្នកផ្សាយពាណិជ្ជកម្ម នឹងហុចលទ្ធផលខុសគ្នានៅពេលដែលយើងយកមកអនុវត្តចំពោះសមាជិករបស់ យើង
ជំនួយបច្ចេកទេស
កម្មវិធីល្អមិនត្រឹមតែអាស្រ័យលើសុវត្ថិភាព និង ភាពងាយស្រួលដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ។ ឧបករណ៍ជំនួយជាកត្តាសំខាន់សំរាប់ដោះស្រាយរាល់បញ្ហាដែលមិនចំពោះ មុខ។ Forum, chat room, professional service, ឬ មិត្តភ័ក្តិ គ្រាន់តែជាជំនួយបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ក្រុម developers ត្រូវមានជាចាំបាច់ នូវឯកសារជំនួយដែលវិវត្តទន្ទឹមគ្នាទៅនឹង Version កម្មវិធីរបស់ខ្លួន។
ជួនកាល web site ខ្លះប្រើកម្មវិធី ដោយបង់ប្រាក់ដោយសារគេមានប្រាក់ផង គេមានសេវាកម្មបច្ចេកទេសដែលអាចទុកចិត្តផង។ ជួនកាល យើងប្រើកម្មវិធីកូដបើកចំហរ (FOSS) មិនប្រាកដថាមានអ្នកផ្ដល់សេវាកម្មបច្ចេកទេសពិតប្រាកដនៅឯណាទេ ក្រៅពីស្វែងរកតាម Internet។ បច្ចុប្បន្ន wiki software ត្រូវបានប្រើប្រាស់ ច្រើនបំផុតសំរាប់សរសេរឯកសារជំនួយព្រោះនរណាក៏អាចចូលរួមកែលំអរ ខ្លឹមសារបានគ្រប់ពេលវេលា។ ដោយចំនួនអ្នកប្រើប្រាស់ មានកាន់តែច្រើន ឯកសារជំនួយកាន់តែវិវត្តជាលំដាប់ ខុសពីកម្មវិធីដែលត្រូវបង់ប្រាក់ ដោយមានតែអ្នកប្រើប្រាស់មួយភាគតូច និង អ្នកបានផលចំនេញពីកម្មវិធីនោះទើបស្ម័គ្រចិត្តចូលរួមម្ដងម្កាល ដោយទើសទាល់។
ស្វែងរកចំនូល
ការស្វែងចំនូលតាមរយៈ web site មិនមែនជារឿងពិបាកនោះទេ តែក៏មិនងាយស្រួលពេកដែរ ប្រសិនបើយើងមិនចេះដើរផ្លូវកាត់ ឬ មិនផ្ដោតទៅលើចំនូលជារឿងសំខាន់។ គេហទំព័រពត៌មាន, រូបភាព, វីដេអូ, និង social network ទាក់ទាញអ្នកអានបានច្រើនបំផុត។ អ្នកទាំងនោះជួនកាលជាមនុស្សទំនេរគ្មានការធ្វើ រឺជាក្រុមផ្សព្វផ្សាយដែលស្វែងរកអតិថិជនប្រភេទមុននេះ។
web site ដែលអាចទុកចិត្តបាន គួរតែមានខ្លឹមសារបង្កើតឬសិក្សាដោយផ្ទាល់ខ្លួន អត្ថបទមិនចំលងគេ ឬ បង្ហាញត្រឹមក្ដីសង្ខេបរបស់អត្ថបទរបស់គេដើម្បីគាំទ្រមតិអ្វីមួយ របស់ខ្លួន។ មាន web site ជាច្រើនត្រូវបានបង្កើត ហើយដួលទៅវិញ ឬ ទុកចោលដោយសារគ្មានខ្លឹមសារដើម ឬ សង្ឃឹមទាក់ទាញអ្នកចូលរួមបានច្រើននៅពេលក្រោយទាំងមិនទាន់ដឹងថា ប្រធានបទរបស់ខ្លួននឹងត្រូវបកស្រាយពីអ្វីនៅឡើយ។
Domain name មួយតំលៃ ១០$ , web host មធ្យម ៧$ ក្នុងមួយខែ ឬ ក៏អាចរកបានថោកជាងនេះ រហូតដល់ 2$ ក៏មាន។ ដូច្នោះ ការបង្កើត web site មិនមែនពឹងផ្អែកទាំងស្រុងលើ developers នោះទេ។ ម្ចាស់ទំព័រត្រូវគូសវាសទុកជាមុននូវខ្លឹមសារ និងការរៀបចំឱយបានត្រឹមត្រូវ, ច្បាស់លាស់, និងងាយស្រួលស្វែងរកសំរាប់មជ្ឈដ្ឋានទូទៅ។ ការបង្ហាញផ្ទាំងផ្សាយពាណិជ្ជកម្ម ស្វែងរកចំនូលជារឿងបន្ទាប់បន្សំ បន្ទាប់ពីទំព័រយើងមានប្រជាប្រិយភាពតែប៉ុណ្ណោះ។
