លោកអ្នកប្រាកដជាធ្លាប់ឮពាក្យ បណ្ដាញសង្គម (Social Network) ហើយ។ ដែលមានដូចជា Facebook ជាដើម ដែលជាបណ្ដាញសង្គមក៏ធំមួយនៅក្នុងពិភពអ៊ីនធឺណិត។ ដោយឡែក ប្រសិនបើយើងចង់បង្កើតនូវបណ្ដាញសង្គមមួយ សម្រាប់ប្រើជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារ ឬ ជាមួយមនុស្សផ្សេងៗទៀតនោះ យើងក៏អាចបង្កើតបានដែរ។
ខ្ញុំសូមលើកយកនូវកម្មវិធីវែបមួយឈ្មោះ BuddyPress ដែលជាកម្មវិធីបន្ថែមរបស់ WordPress។
BuddyPress ជាកម្មវិធីបន្ថែមមួយសម្រាប់ប្រែក្លាយ WordPress ពីប្លក់ធម្មតាមួយ ទៅជាគេហទំព័រសង្គមបណ្ដាញ។ BuddyPress ក៏មាននូវកម្មវិធីបន្ថែមទៀតផងដែរ ដែលអាចធ្វើឲ្យវាកាន់តែមានភាពទាក់ទាញនៅក្នុងគេហទំព័ររបស់អ្នក។ ដូចជាគេហទំព័រ iKhmer ជាដើម ដែលបានប្រើ BuddyPress ក្នុងការធ្វើជាសង្គមបណ្ដាញ។ តែប្រសិនបើយើងចេះត្រឹមតែដំឡើងនោះ ក៏មិនសូវជាល្អដែរ យ៉ាងណាក៏យើងត្រូវចេះកូដ PHP, HTML, CSS គួរសមដែរ ទើបអាចកែច្នៃវាឲ្យបានកាន់តែប្រសើរ។
BuddyPress ត្រូវបានផ្ដើមគំនិតធ្វើកាលពីឆ្នាំ២០០៨ ហើយបានចេញឲ្យប្រើកំណែស្ថិតស្ថេរ (Stable) ដំបូងនៅឆ្នាំ២០០៩ ហើយចាប់ពីពេលនោះ វាក៏បានទទួលការពេញនិយម ហើយបានវិវឌ្ឍខ្លួនយ៉ាងរហ័ស រហូតមកទល់ពេលនេះ។
យើងអាចប្រើ BuddyPress ជា៖
- បណ្ដាញសង្គមធំទូលាយ សម្រាប់សាលារបស់អ្នក។
- ឧបករណ៍ទំនាក់ទំនងផ្នែកខាងក្នុង ក្រុមហ៊ុនរបស់អ្នក។
- ទីកន្លែងបណ្ដាញសង្គម សម្រាប់ផ្សាយប្រធានបទដែលអ្នកចាប់អារម្មណ៍។
- បណ្ដាញសង្គមសម្រាប់ផលិតផលរបស់អ្នក។
កម្មវិធីបន្ថែមរបស់ BuddyPress នៅពេលបច្ចុប្បន្នក៏មានច្រើនគួរសមផងដែរ ព្រមទាំងពុម្ពរូបរាងផ្សេងៗថែមទៀតផង។
តើអ្នកចាប់អារម្មណ៍ដែរឬទេ? ចង់បានបណ្ដាញសង្គមខ្លួនឯងដែរឬទេ? ចង់បានបណ្ដាញសង្គមដែលងាយស្រួលដំឡើង និង ឥតគិតថ្លៃដែរឬទេ? ដូច្នេះ BuddyPress អាចជាជម្រើសរបស់អ្នក។ លោកអ្នកអាចទាញយកបាននៅក្នុង http://www.buddypress.org/ ។
ចំណាំ៖ នេះជាកម្មវិធីបន្ថែមរបស់ WordPress។ សូមដំឡើង WordPress ជាមុន បន្ទាប់មកដំឡើង BuddyPress តាមក្រោយ។ តម្រូវការដែលត្រូវការសម្រាប់ដំឡើង WordPress សាកល្បងនៅក្នុងកុំព្យូទ័ររបស់អ្នក សូមចូលក្នុងអត្ថបទ របៀបដំឡើង Apache, PHP5, និង MySQL។


Comments
7 responses to “អ្វីទៅជា BuddyPress?”