ប្រសិនបើអ្នកចង់បង្កើតបណ្ដាញសង្គមដែលល្អមួយ ខ្ញុំសូមណែនាំកម្មវិធីវែបមួយនេះទៅអ្នក

កាលពីអត្ថបទមុនខ្ញុំបានរៀបរាប់អំពី អ្វីទៅគឺជា BuddyPress ដែលប្រើជាកម្មវិធីបន្ថែមនៅក្នុង WordPress។ តែថ្ងៃនេះ ខ្ញុំសូមលើកយកកម្មវិធីវែបមួយប្រភេទទៀត ដែលមុខងាររបស់វាគឺ ជាកម្មវិធីបណ្ដាញសង្គមសុទ្ធតែម្ដង មិនមែនជាកម្មវិធីសម្រាប់ដំឡើងនៅក្នុងអ្វីនោះទេ។ កម្មវិធីដែលខ្ញុំនឹងរៀបរាប់នោះគឺ Elgg ដែលវាគឺជាកម្មវិធីបណ្ដាញសង្គមអ៊ីនធឺណិត ដែលមានប្រជាប្រិយភាព នៅក្នុងពិភពកម្មវិធីវែបកូដបើកចំហ។ កម្មវិធីនេះទៀតសោតក៏មានជាភាសាខ្មែរផងដែរ។ តែមិនទាន់ពេញលេញនោះទេ ព្រោះកំពុងស្ថិតនៅក្នុងការបកប្រែនៅឡើយ។
កម្មវិធីវែបមួយនេះ ត្រូវបានរកឃើញនិងផ្ដើមគំនិតបង្កើតដោយលោក Dave Tosh និង Ben Werdmuller នៅក្នុងឆ្នាំ២០០៤។ យើងអាចទាញយកវាទៅប្រើបានដោយឥតគិតថ្លៃ ព្រោះតែវាជាកម្មវិធីវែបកូដបើកចំហ។

elgg ជាកម្មវិធីបណ្ដាញសង្គមដ៏សម្បូរបែបមួយ ដែលមានលក្ខណៈពិសេសច្រើនជាង BuddyPress របស់ WordPress ទៅទៀត។ ពេលដំឡើងមកភ្លាមវាមានភ្ជាប់មកនូវកម្មវិធីបន្ថែមមួយចំនួនដូចជា៖
- ក្រុម
- ប្លក់
- ទំព័រ
- កំណត់ចំណាំ (Bookmark)
- មិត្តភក្តិ
- ការផ្ញើសារ
- សកម្មភាព និង ផ្សេងៗទៀត

លក្ខណៈពិសេសរបស់ elgg មានដូចជា៖
- ទំព័រគ្រប់គ្រងបណ្ដាញទាំងមូល
- ការរាំងខ្ទប់នូវរាល់សមាជិកមិនត្រឹមត្រូវ
- រាយការអំពីមាតិកាមិនល្អ
- ការកំណត់បណ្ដាញទាំងមូល
- ការបន្ថែមសមាជិក
- ការដំឡើងកម្មវិធីបន្ថែម
- ការបន្ថែមប្រឡោះព័ត៌មានផ្សេងៗក្នុងទំព័រផ្ទាល់ខ្លួន (Profile)
- និងលក្ខណៈជាច្រើនផ្សេងទៀត

តាមលក្ខណៈខាងលើនេះ អាចបង្ហាញថា elgg អាចជាកម្មវិធីវែបបណ្ដាញសង្គម មានលក្ខណៈត្រូវតាមក្បួនខ្នាត ដែលយើងអាចយកវាទៅប្រើប្រាស់បាន។ សព្វថ្ងៃនេះ ក៏មានគេហទំព័រសង្គមបណ្ដាញផ្សេងៗដែលយកវាទៅប្រើដែរ ដែលអ្នកខ្លះបង្កើតវាដើម្បីលេងជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ ឬ សមាជិកក្នុងក្រុមរបស់ពួកគេ និង ដើម្បីបើកឲ្យលេងសម្រាប់ប្រជាជនក្នុងប្រទេសរបស់ពួកគេផងដែរ។
អ្នកអាចទាញយកវាបាននៅក្នុង http://elgg.org/។ មកទល់ពេលនេះ elgg បានដាកចេញឲ្យប្រើនូវកំណែទី ១.៧.៧ ហើយ។ ទាញយកទៅប្រើដោយោឥតគិតថ្លៃ និងអាចកែច្នៃវាតាមចិត្តរបស់អ្នក។
ចំណែកឯរបៀបដំឡើងវិញនោះ គឺអ្នកត្រូវការមាន Apache, PHP5, និង MySQL។
