
ខ្ញុំបានប្រទះឃើញជាច្រើនលើកច្រើនសារ នៃការវាយអក្សរខ្មែរក្នុងកុំព្យូទ័រខុសក្បួនខ្នាត។ ក្បួនខ្នាតត្រង់នេះ ខ្ញុំចង់សម្ដៅទៅលើការសរសេរខុសពីការប្រកប។ ជាទូទៅពេលដែលយើងប្រកបអក្សរ យើងតែងតែហៅ ព្យញ្ជនៈ រួចជើង បន្ទាប់មកស្រៈ តាមក្រោយ។ ឧ៖ ខ្មែរ ខ្ញុំសរសេរអក្សរ ខ ដាក់ជើង ្ម ដាក់ស្រៈ ែ និង រ ខ្ញុំអានថា ខ្មែរ។ តែចម្លែកតែបងប្អូនមួយចំនួន គាត់មិនវាយ ខ + ្ម + ែ + រ នោះទេ បែរជាវាយ ខ + ែ + ្ម + រ ទៅវិញ។តើនេះមកពីមូលហេតុអ្វី? ម្យ៉ាងវិញទៀត ដូចជាការសរសេរជើងពីរត្រួតគ្នា ឧ៖ ស្ត្រី គាត់វាយ ស + ្រ + ្ត + ី វាយបែបនេះគឺខុស កាលណាមានជើងពីរត្រួតលើគ្នា យើងត្រូវវាយ ស + ្ត + ្រ + ី គឺវាយជើងក្នុងមុនជើងក្រៅ ហើយបានថែមស្រៈតាមក្រោយ។ គឺដូចដែលយើងប្រកបអក្សរជាដើម។
របៀបនៃការវាយយូនីកូដខ្មែរនៅក្នុងកុំព្យូទ័រ៖
- ១. ព្យញ្ជនៈ + ស្រៈ + … (ឧ៖ ការ)
- ២. ព្យញ្ជនៈ + ជើង + … (ឧ៖ ស្រ, ប្រ)
- ៣. ព្យញ្ជនៈ + ជើង + ស្រៈ + … (ឧ៖ ខ្មែរ, ស្រែ, ប្រួល)
- ៤. ព្យញ្ជនៈ + ជើងក្នុង + ជើងក្រៅ + ស្រៈ + … (ឧ៖ ស្ត្រី, ឥន្ទ្រីយ៍)
ខ្ញុំក៏ធ្លាប់បានដាក់ផ្សាយអំពី សារៈប្រយោជន៍នៃចន្លោះមើលមិនឃើញ ផងដែរ។ នៅពេលនេះខ្ញុំសូមសរសេរអត្ថបទនេះឡើង ក្នុងគោលបំណងកែតម្រូវអ្នកដែលវាយខុសនឹងក្បួន ឲ្យត្រូវតាមក្បួនវិញ។ សូមមើលរូបខាងក្រោម ដែលនេះគឺជាលទ្ធផលនៃការវាយខុសរបស់បងប្អូនមួយចំនួន។ (ពាក្យនិមួយៗត្រូវបានសរសេរជាពីរជួរ លើ និង ក្រោម លើវាយត្រូវ ក្រោមវាយខុស, ខាងក្រោមគឺជាការវាយ ស្រៈ មុន ជើង)
ចំពោះអ្នកដែលប្រើ Windows និង Mac OS X មុខជាមិនឃើញនូវកំហុសនេះសោះឡើយ ក៏ព្រោះតែ យូនីកូដខ្មែរ ដើរមិនទាន់ស្រួលក្នុង Windows និង Mac OS X នៅឡើយ។ ចំណែកអ្នកដែលប្រើ Linux មុខជានឹងឃើញនូវកំហុសទាំងនេះជាក់ជាមិនខាន។ ខ្ញុំក៏ធ្លាប់បានណែនាំបងប្អូននានា ដែលខ្ញុំស្គាល់ ឲ្យវាយឲ្យបានត្រឹមត្រូវដូចជា ការប្រើចន្លោះមើលមិនឃើញ និង ការវាយឲ្យត្រូវតាមក្បួនខ្នាតប្រកប។ ហើយនៅពេលនេះ ពួកគាត់បានវាយត្រឹមត្រូវតាមក្បួនខ្នាតបានរហូតដល់ទៅ ៩០%។ ក្រៅពីការវាយឲ្យត្រូវតាមក្បួនខ្នាតនោះ លោកអ្នកគួរណាយល់ឲ្យបានច្បាស់អំពីការប្រើចន្លោះមើលមិនឃើញ ដែលខ្ញុំបាននយាយរួចពីខាងលើ។
តើអ្នកមានគំនិតយ៉ាងណា ចំពោះបញ្ហាទាំងអស់នេះ?
