NTM ពាក្យពេញគឺ Network Traffic Monitor មានន័យថា ឧបករណ៍គ្រប់គ្រងចរាចរណ៍អ៊ីនធើណិត (ចរាចរណ៍៖ ជាដំណើរទៅមក ចុះឡើង)។ NTM ត្រូវបានបង្កើតដោយលោកម្នាក់ឈ្មោះ Luigi Tullio ដែលជាជនជាតិ អ៊ីតាលី នៅពាក់កណ្ដាលឆ្នាំ២០១០ ហើយគាត់បានបង្កើតវាឲ្យដំណើរការបានយ៉ាងស្រួលនៅលើ Linux។ NTM មានលក្ខណៈពិសេសដូចជា៖
- កំណត់ដោយផ្អែកលើ កម្រិតទំហំប្រើប្រាស់ (Space)
- កំណត់ដោយផ្អែកលើ ពេលវេលា
- កំណត់ដោយផ្អែកលើ ថិរវេលា (Time slot)
- ទាញយកទិន្នន័យចរាចរណ៍ចាស់ៗទុក
- របាយការណ៍នៃការប្រើប្រាស់ សរុប និង ប្រចាំថ្ងៃ
- ផ្ដាច់ការភ្ជាប់អ៊ីនធើណិតដោយស្វ័យប្រវត្តិ ពេលប្រើដល់កម្រិតកំណត់
- កំណត់ចំណុចបង្ហាញ (Interface)
- មានភ្ជាប់មកជាមួយភាសាខ្មែរ
ម្យ៉ាងវិញទៀត រាល់ការកំណត់ (ទំហំប្រើ, ពេលវេលា, ថិរវេលា) យើងអាចបិទឬបើកការកំណត់ណាមួយតាមតែអ្នកចូលចិត្ត។ តែនៅអ៊ីនធើណិតនៅខ្មែរយើង តែងគិតតាមទំហំប្រើប្រាស់។
នៅពេលបច្ចុប្បន្ន NTM បានចេញដល់កំណែទី ១.២.៤ ដែលបានធ្វើឲ្យដើរស្រួលជាមួយនឹង Unity របស់ Ubuntu 11.04។ អ្នកអាចធ្វើការទាញយកបាននៅ ទីនេះ ចំពោះគេហទំព័រដើមសូមចូល ទីនេះ។
បើអ្នកចង់ប្រើជាភាសាខ្មែរ ជាដំបូងត្រូវប្រាកដថា អ្នកបានកំណត់ប្រព័ន្ធទាំងមូលទៅជាភាសាខ្មែរ។ តែបើអ្នកមិនបានកំណត់ទៅជាភាសាខ្មែរសម្រាប់ប្រព័ន្ធទាំងមូលទេ អ្នកអាចឲ្យកម្មវិធីនេះប្រើជាភាសាខ្មែរតែឯងក៏បាន។ សូមអនុវត្តតាមខាងក្រោម៖
១. បង្កើតថតមួយឈ្មោះ bin ទៅក្នុងថត home
២. បង្កើតឯកសារសំណេរថ្មីមួយ ហើយដាក់ឈ្មោះថា ntm
៣. បើកឯកសារសំណេរនោះឡើង ហើយបញ្ចូលកូដខាងក្រោម៖
#! /bin/bash LANGUAGE=km /usr/bin/ntm
៤. បន្ទាប់មករក្សាទុក ហើយចុចស្ដាំលើឯកសារនោះ រួចរើសយក Properties ចុចលើផ្ទាំង Permission ហើយធីកយក Allow executing file as program ហើយចុច Close
៥. ភ្ជាប់ចេញ (logout) ឬ ចាប់ផ្ដើមកុំព្យូទ័រ ឡើងវិញ ពេលនោះអ្នកនឹងឃើញកម្មវិធីនោះជាភាសាខ្មែរ
ចំពោះកញ្ចប់ភាសាខ្មែរថ្មី ដែលខ្ញុំបានកែសម្រួលឲ្យល្អជាងមុន អ្នកអាចទាញយកបាននៅ ទីនេះ។ ចំពោះរបៀបបញ្ចូលភាសាខ្មែរថ្មី៖
១. ចុច alt+f2 ហើយវាយ gksu nautilus
២. វាយពាក្យសម្ងាត់
៣. សូមចូល File System -> usr -> share -> locale -> km -> LC_MESSAGES
៤. ចម្លងកញ្ចប់ភាសាខ្មែរថ្មី ទៅដាក់នៅទីនោះ

Comments
278 responses to “NTM ឧបករណ៍គ្រប់គ្រងចរាចរណ៍អ៊ីនធើណិតរបស់អ្នក នៅលើ Linux”