កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានធ្វើការសម្ភាសទៅកាន់បងប្រុស កែវ វិស័យ អំពី TYPO3 នៅក្នុងប្រទេសកម្ពុជា តាមរយៈ Skype ហើយគាត់ក៏ជាអ្នកដឹកនាំសហគមន៍ TYPO3 ក្នុងប្រទេសកម្ពុជាផងដែរ។ កាលពីគេហទំព័រនេះទើបតែបានបើកដំណើរការ ខ្ញុំបានដាក់អត្ថបទមួយស្ដីអំពី ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ ដែលមានដូចជា៖ WordPress, Joomla!, Drupal និង TYPO3។ នៅក្នុងកិច្ចសម្ភាសនេះ បងវិស័យ ក៏បានលើកឡើងអំពី សហគមន៍ TYPO3 នៅកម្ពុជា និង ការរីកចម្រើននៃ TYPO3 នៅក្នុងប្រទេសកម្ពុជា។ ដើម្បីជ្រាបបន្ថែម សូមអានកិច្ចសម្ភាសដូចខាងក្រោមនេះ។

១. តើប្រព័ន្ធគ្រប់គ្រងមាតិកា ឈ្មោះ TYPO3 បានកើតឡើងនៅឆ្នាំណា ហើយនរណាអ្នកបង្កើតដែរ?
ប្រព័ន្ធគ្រប់គ្រងមាតិកា TYPO3 នេះបានកើតឡើងនៅឆ្នាំ ១៩៩៧ ដោយអ្នកអភិវឌ្ឍន៍ម្នាក់ឈ្មោះ Kasper Skårhøj ជាជនជាតិដាណឺម៉ាក។
២. ឃើញថា TYPO3 បង្កើតតាំងពីយូរមកហើយ បើគិតទៅមានអាយុប្រហែល ១៤ឆ្នាំ។ ចុះអំពីលក្ខណៈពិសេសរបស់វាវិញ តើមានអ្វីខ្លះទៅ បានជាមានកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃនេះ?
លក្ខណៈពិសេសរបស់ TYPO3 មានដូចជា៖
* Feature Complete Out-of-the-box: លក្ខណៈចាំបាច់មានបញ្ចូលស្រាប់ លើសពីនោះមានសមាសភាគជាង ៤៥០០ ដែលអាចបន្ថែមមុខងារដែលចង់បាន
* Ease of Use: រៀបចំជាលក្ខណៈប្រព័ន្ធគ្រប់គ្រងមាតិកាពិតប្រាកដ ជាមួយនឹងរចនាសម្ព័ន្ធទំព័រមើលឃើញយ៉ាងងាយស្រួល ជំនួយដល់ការប្រើ និង គ្រប់គ្រង
* Versioning and Workspaces: រាល់ការកែប្រែមាតិកាអាចរក្សាទុកជាកំណែ (versioning) ដែលអាចអោយអ្នកគ្រប់គ្រងអាចត្រឡប់ទៅកំណែមុនៗបានតាមតម្រូវការ។ workspace អាចអោយអ្នកប្រើប្រាស់កែប្រែខ្លឹមសារដោយមិនប៉ះពាល់វែបសាយពិតប្រាកដ និងអាចផ្លាស់ប្តូរគ្នាបានគ្រប់ពេល។
* Multi-Language and Multiple Domains: អាចដំឡើង TYPO3 មួយដើម្បីបង្កើតនិងគ្រប់គ្រងដូម៉េនច្រើនក្នុងពេលតែមួយ។ លទ្ធភាពក្នុងការបង្កើតវែបសាយច្រើនភាសាមានបញ្ចូលស្រាប់ទៅក្នុង TYPO3 ហើយក៏មានភាពងាយស្រួលប្រើនិងគ្រប់គ្រងការបកប្រែផងដែរ។
* Granular Front-end and Back-end Access Rights: អាចកំរិតសិទ្ធិក្នុងការមើលឃើញទំព័រឬមាតិកាវែបសាយទៅអោយក្រុមប្រើពី Frontend។ ចំពោះអ្នកគ្រប់គ្រងខាង Backend អាចកំណត់អោយកែប្រែតែទំព័រនិងខ្លឹមសារណាក៏បាន។
* No Front-end Design Constraints: ដោយសារទ្រង់ទ្រាយនៃការរចនា Backend និង Frontend ចែកដាច់គ្នាស្រឡះ អ្នកអភិវឌ្ឍន៍មានសិទ្ធិពេលលេញគ្មានដែនកំណត់ក្នុងការបង្កើតគំរូរចនាទំព័រសម្រាប់ Frontend ដោយគ្មានការកំណត់ល័ក្ខខ័ណ្ឌណាមួយអោយតម្រូវតាម TYPO3 ទេ។
* Front-end Editing: ជាមួយនឹងការផ្តល់លទ្ធភាពពេលលេញអោយកែប្រែខ្លឹមសារវែបសាយពី Backend, TYPO3 ក៏បានផ្តល់លទ្ធភាពអោយកែប្រែពី Frontend ធ្វើអោយមានភាពងាយស្រួលដល់អ្នកពុំសូវមានចំណេះបច្ចេកទេស និង មានល្បឿនលឿនផងដែរ។
* Enterprise Features: ជាមួយនឹងលក្ខណៈចាំបាច់មានស្រាប់សម្រាប់អ្នកចង់បង្កើតវែបសាយទូទៅ, TYPO3 ក៏មានលក្ខណៈពិសេសសម្រាប់សហគ្រាសដូចជា content-specific caching backends, a database abstraction layer, documented serviced-based APIs for authentication, well-defined interfaces for third-party systems integration, reporting tools, a digital asset manager, and an interface for scheduled jobs. ឧទាហរណ៍ស្ថាប័នធំដែលប្រើ TYPO3 ដូចជា Cisco Systems, General Electric, Mercedes-Benz, and Harvard University។
លក្ខណៈលម្អិតពី TYPO3 អាចអានបន្ថែមនៅ http://typo3.com/Feature-list.1628.0.html
៣. TYPO3 មានលក្ខណៈពិសេសៗ គួរឲ្យចាប់អារម្មណ៍មែន។ សព្វថ្ងៃបងប្អូនជាតិខ្មែរយើងមួយចំនួនធំ ពេញចិត្ត និងគាំទ្រការមានប្រើភាសាខ្មែរលើកម្មវិធី ទាំងក្នុងកុំព្យូទ័រ និង វែប។ ចុះ TYPO3 វិញ តើមានការបកប្រែមកជាភាសាខ្មែរហើយឬនៅ?
TYPO3 ត្រូវបានបកប្រែមកជាភាសាខ្មែរ ស្ទើរតែ ១០០ ភាគរយហើយ តែត្រូវការត្រួតពិនិត្យផ្ទៀងផ្ទាត់បន្ថែមទៀត និង កែសម្រួលការបកប្រែមួយចំនួន។
៤. ក្រៅពីការបកប្រែ តើ TYPO3 ត្រូវបានទទួលការគាំទ្រ និង រីកចម្រើនយ៉ាងដូចម្ដេចខ្លះដែរ នៅក្នុងប្រទេសកម្ពុជាយើង?
បើប្រៀបធៀបនឹងប្រព័ន្ធដទៃ វានៅមានអ្នកស្គាល់ តិចជាង តែចំពោះសន្ទុះក្នុងប៉ុន្មានខែកន្លងទៅនេះ ឃើញថាមានការកើនឡើងយ៉ាងខ្លាំងក្នុងចំណាមអ្នកស្គាល់ ចាប់ផ្តើមរៀន និង ប្រើប្រាស់វា ដោយសារមានការយល់ដឹងពីអត្ថប្រយោជន៍របស់វា និង ផ្សព្វផ្សាយបន្តពីសំណាក់អ្នកអភិវឌ្ឍន៍ ការចូលរួមនិងបង្កើតព្រឹត្តិការណ៍ផ្សេងៗ ។ល។ ជាពិសេសការឧបត្ថម្ភ និង គាំទ្រជាធនធានចំណេះដឹង និងថវិកាពីក្រុមហ៊ុន Web Essentials <http://www.web-essentials.asia/> ដែលជាក្រុមហ៊ុនប្រើប្រាស់ TYPO3 ធំមួយនៅប្រទេសកម្ពុជា។
៥. បើមានការគាំទ្រពីសំណាក់ក្រុមហ៊ុន Web Essentials ហើយនោះ តើបងប្រុសមានបានបង្កើតសហគមន៍មួយ នៅក្នុងប្រទេសកម្ពុជាដែរឬទេ? ហើយចុះទីតាំងនៃសហគមន៍នេះវិញ?
សហគមន៍ TYPO3 ភាសាខ្មែរបានបង្កើតរូចហើយ។ ទីកន្លែងបណ្តោះអាសន្នគឺនៅក្រុមហ៊ុន Web Essentials ដោយសារក្រុមហ៊ុនស្ម័គ្រចិត្តផ្តល់កន្លែងអោយជួបប្រជុំ តែនឹងអាចផ្លាស់ប្តូរទៅធ្វើនៅកន្លែងផ្សេងៗទៅតាមការផ្តល់អោយ។ យើងពុំកំណតទីតាំងពិតប្រាកដណាមួយទេ។
៦. ចាប់តាំងពីការកកើតនូវសហគមន៍ TYPO3 មក តើមានការជួបជុំជាមួយអ្នកប្រើប្រាស់ដែរឬទេ? ហើយប៉ុន្មានលើកហើយ?
ការជួបជុំមានជារៀងរាល់ខែដោយមានការបង្ហាញពីគន្លឹះផ្សេងៗរបស់ TYPO3 ហើយរហូតមកដល់ពេលនេះបានចំនួន ៥ ដងហើយ។ កាលបរិច្ឆេទនិងទីកន្លែងមានប្រកាសលើគេហទំព័ររបស់សហគមន៍ <http://www.typo3cambodia.org/> ឬអាចចុះឈ្មោះចូលបណ្តាញផ្សព្វផ្សាយព្រឹត្តិការណ៍តាមរយៈ <http://www.typo3cambodia.org/events/>, តាមដានបណ្តាញសំណួរចម្លើយ <http://www.typo3cambodia.org/mailinglist/>, លើក្រុម Facebook <http://www.typo3cambodia.org/facebook/>។
៧. ក្រៅពីការជួបជុំនៅឯទីកន្លែងបណ្ដោះអាសន្ន គឺក្រុមហ៊ុន Web Essentials តើបងប្រុសបានចាត់ធ្វើនៅតាមសាកលវិទ្យាល័យ ឬ ព្រឹត្តិការណ៍ណាមួយដែរឬទេ?
មានការផ្សព្វផ្សាយនៅសាលាតិចណូក្នុងព្រឹត្តិការណ៍ ICT Career Expo, Barcampp Phnom Penh, Barcampp Saigon, FOSS Asia (Free and Open Source Software) និងមានការយល់ដឹងយ៉ាងទូលំទូលាយទៅដល់សិស្សនៅសាលា CIST និង មួយចំនួននៅន័រតុន ។ល។
៨. ឃើញថា សហគមន៍ TYPO3 នៅកម្ពុជា មានការរីកចម្រើនច្រើនផងដែរ។ តើបងអាចប្រាប់ត្រួសៗបានទេថា តើគេហទំព័រណាខ្លះ ក្នុងប្រទេស និង ក្រៅប្រទេស ដែលបានជ្រើសរើសយក TYPO3 ទៅប្រើនោះ?
ចំពោះវែបសាយក្រៅប្រទេសដែលប្រើ TYPO3 អាចមើលតាមរយៈ <http://www.t3blog.com/>។ នៅប្រទេសកម្ពុជា វែបសាយប្រើ TYPO3 កើតឡើងជាបន្តបន្ទាប់ មួយចំនួនធំ អភិវឌ្ឍន៍ដោយក្រុមហ៊ុន ដូច្នេះខ្ញុំសូមមិនបង្ហាញឈ្មោះទាំងនោះទេ តែខ្ញុំអាចប្រាប់បានតែវែបសាយរបស់ខ្ញុំ <http://www.visay.info/>, របស់ក្រុមហ៊ុន <http://www.web-essentials.asia/> និង វែបសាយរបស់សហគមន៍ TYPO3 ខ្មែរដែលកំពុងធ្វើការអភិវឌ្ឍន៍ហើយនឹងដាក់នៅ <http://www.typo3cambodia.org>។
៩. តើបងប្រុសគិតដូចម្ដេចដែរ ចំពោះ TYPO3 នៅពេលអនាគតក្នុងប្រទេសកម្ពុជា?
ខ្ញុំជឿជាក់ថាអនាគតរបស់ TYPO3 នៅប្រទេសកម្ពុជានឹងប្រសើរឡើងជាលំដាប់ និង រំពឹងថានឹងមានកម្មវិធីសិក្សាប្រព័ន្ធគ្រប់គ្រងមាតិកាមួយនេះនៅកំរិតមហាវិទ្យាល័យ ជាពិសេសសង្ឃឹមថាពេលដែលគេគិតពីការធ្វើវែបសាយ គេនឹងគិតរក TYPO3 មុនគេ។
១០. សូមអរគុណបងប្រុសណាស់ ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការឆ្លើយរាល់សំណួររបស់ខ្ញុំ។ ជាចុងក្រោយ តើបងមានអ្វីចង់ប្រាប់ទៅបងប្អូនជនជាតិខ្មែរ និងអ្នកដែលគាំទ្រគេហទំព័រ it4ug.net ដែរឬទេ?
ខ្ញុំសូមសំណូមពរអោយអ្នកទាំងអស់គ្នា ជួយលើកស្ទួយវិស័យព័ត៌មានវិទ្យានៅប្រទេសយើងអោយបានរីកចំរើនឡើង ដោយធ្វើការចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ជាពិសេសប្រើប្រាស់ប្រព័ន្ធដែលបើកចំហ ព្រោះវាជាប្រព័ន្ធនៃការចែករំលែកនិងពង្រីកចំណេះដឹង ដូចជា TYPO3 ជាដើម។ សូមអរគុណប្អូនប្រុសវិចិត្រ ដែលផ្តល់ឱកាសអោយខ្ញុំអាចធ្វើការណែនាំខ្លះៗអំពី TYPO3 ក៏ដូចជាជួយផ្សព្វផ្សាយ TYPO3 នៅក្នុងចំណោមអ្នកគាំទ្រ http://it4ug.net/ ផងដែរ។ សូមអរគុណ៕

Comments
299 responses to “កែវ វិស័យ៖ ប្រព័ន្ធគ្រប់គ្រងមាតិកាឈ្មោះ TYPO3 ក្នុងប្រទេសកម្ពុជា”