នៅក្នុង MS Office មានភ្ជាប់មកស្រាប់នូវឧបករណ៍សម្រាប់សរសេររូបមន្តគណិតវិទ្យា ហើយយើងអាចដំឡើងកម្មវិធីបន្ថែមផ្សេងទៀតដូចជា MathType ដើម្បីជំនួយក្នុងការសរសេរ។ ចំណែកនៅក្នុង LibreOffice ក៏មិនចាញ់ MS Office ដែរ ព្រោះកម្មវិធីនេះក៏មានភ្ជាប់មកនូវកម្មវិធីផ្ទាល់ខ្លួនមួយគឺ LibreOffice Math ដែលអាចសរសេររូបមន្តគណិតវិទ្យា។ តែអ្នកដែលចាប់ប្រើ កម្មវិធីការិយាល័យ LibreOffice ដំបូងប្រហែលជាគិតថាយើងអាចសរសេរបានតែនៅក្នុងកម្មវិធី LibreOffice Math ប៉ុណ្ណោះ មិនអាចយកទៅដាក់ក្នុង LibreOffice Writer បានឡើយ, តែតាមពិតយើងពិតជាអាចធ្វើបានដែរ ហើយពិតជាងាយស្រួលបំផុត។
របៀបបញ្ចូល
១. ដំបូងសូមបើកកម្មវិធី LibreOffice Writer
២. បន្ទាប់មកចុចលើ Insert (បញ្ចូល) -> Object (វត្ថុ) -> Formula (រូបមន្ត)

៣. នៅពេលនេះអ្នកទទួលបានផ្ទាំងមួយសម្រាប់វាយរូបមន្តគណិត និងផ្ទាំងធាតុ ដែលជាអ្នកផ្ដល់ភាពងាយស្រួលដល់អ្នក ក្នុងការសរសេររូបមន្តផ្សេងៗ ដូចជា ឫស, សមីការ, ប្រភាគ, tan, cos, និងផ្សេងៗជាច្រើនទៀត។

មធ្យោបាយដ៏ងាយស្រួលមួយ ក្នុងការបញ្ចូលរូបមន្តគណិតថ្មីមួយ ដោយមិនបាច់ចុចលើម៉ឺនុយ Insert -> Object -> Formula នោះ គឺយើងត្រូវធ្វើការកែប្រែរបារឧបករណ៍របស់យើង។
១. សូមចុចលើ Tools -> Customize
២. ក្នុងផ្នែក LibreOffice Writer Toolbars ត្រង់ប្រឡោះ Toolbar សូមរើសយក Standard

៣. ត្រង់ផ្នែក Toolbar Content សូមចុចលើ “Add…”
៤. ត្រង់ប្រឡោះ Category រើសយក “Insert” ហើយត្រង់ប្រឡោះ Command រើសយក “Formula” ហើយចុច Add

៥. អូសម៉ឺនុយ Formula មាតិកា Commands ដែលទើបបន្ថែមនេះ ទៅដាក់ត្រង់ណាដែលអ្នកពេញចិត្ត (មើលឧទាហរណ៍ខាងក្រោម)

នៅពេលនេះអ្នកអាចបញ្ចូលរូបមន្តគណិតវិទ្យាថ្មី ដោយចុចតែមួយប៉ុណ្ណោះ!
សូមទាញយកពុម្ពអក្សរសម្រាប់សរសេរគណិតវិទ្យានៅទីនេះ៖ http://sourceforge.net/projects/ooolatex/files/OOoLatex/OOoLatex-4.0.0-beta/OOoLatexFonts.zip/download


