ពាក្យបញ្ជា (command line) ទាំងបួនខាងក្រោមនេះ គឺជាពាក្យបញ្ជាសម្រាប់អ្នកដែលប្រើ Ubuntu ដំបូងគួរស្គាល់និងចងចាំ។ បើអ្នកបានចេះ និងស្គាល់ពាក្យបញ្ជាទាំងប្រាំនេះហើយ អ្នកនឹងអាចធ្វើការប្រើប្រាស់ Ubuntu បានប្រសើរជាងមុន ដ្បិតប្រព័ន្ធប្រតិបត្តិការលីនុចភាគច្រើនត្រូវបានប្រើពាក្យបញ្ជា ជាទូទៅទៅហើយ។
១. sudo
ពាក្យពេញនៃ sudo គឺ “Superuser Do” ។ ពាក្យបញ្ជាមួយនេះ មានតួនាទីធ្វើការងារជាមួយនឹងគណនីមេ (root)។ នៅពេលដែលអ្នកចង់ដំឡើងកម្មវិធី ឬ កែសម្រួលទៅលើថតឯកសារប្រព័ន្ធ (File System) អ្នកត្រូវមានសិទ្ធិជាគណនីមេជាមុនសិន។ ដូច្នេះ sudo មានមុខងារធ្វើតួនាទីទាំងនេះ។ ពាក្យបញ្ជាមួយនេះ ត្រូវបានណែនាំឲ្យប្រើជាបុព្វបទនៃពាក្យបញ្ជាដទៃទៀត។ ឧទាហរណ៍៖
sudo apt-get update
២. cd
ពាក្យពេញនៃ cd គឺ “Change Directory”។ ពាក្យបញ្ជាមួយនេះ មានតួនាទីប្ដូរទីតាំងថតឯកសារនៅក្នុងTerminal។ ជាលំនាំដើម ពេលដែលអ្នកបើក Terminal មកភ្លាម គឺពេលនោះអ្នកស្ថិតនៅទីតាំងថត Home។ អ្នកអាចប្រើពាក្យបញ្ជានេះបានដូចនេះ៖
- “cd ថតឯកសារ/ឈ្មោះថតមួយទៀត” បើអ្នកសរសេរបែបនេះ គឺអ្នកនឹងផ្លាស់ប្ដូរទីតាំងថតឯកសារ។
- បើអ្នកចង់មកកាន់ទីតាំង Home វិញ សូមវាយត្រឹមតែ “cd” ជាការស្រេច។
សូមប្រើ Tab ដើម្បីឲ្យមានការជួយបំពេញដោយស្វ័យប្រវត្តិនូវពាក្យបញ្ជា ឬក៏ ទីតាំងឯកសារនៅក្នុង Terminal។ ឧទាហរណ៍ថាអ្នកវាយតែ៖
cd ~/Des
នៅពេលអ្នកចុច Tab នោះវានឹងបំពេញឲ្យអ្នកទៅជា
cd ~/Desktop/
ភ្លាមៗតែម្ដង។
៣. ls
នៅពេលដែលអ្នកបានផ្លាស់ប្ដូរទីតាំងក្នុង Terminal រួចហើយ តែអ្នកមិនដឹងថា ថតណាទៀតដែលអ្នកត្រូវចូលបន្តទេ។ ដូច្នេះពាក្យបញ្ជា ls មានតួនាទីបង្ហាញនូវថត និងឯកសារនានាដែលមាននៅក្នុងទីតាំងដែលកំពុងស្ថិតនៅ។ ពាក្យបញ្ជានេះមានពីរប្រភេទ
- ls ធម្មតាបែបនេះ គឺបង្ហាញនូវរាល់ឯកសារ ដែលមាននៅក្នុងថតដែលអ្នកកំពុងស្ថិតនៅ។ ប្រភេទនេះបង្ហាញត្រឹមតែឈ្មោះថត និង ឯកសារប៉ុណ្ណោះ។
- ls -al បើបែបនេះវិញ គឺបង្ហាញរាល់ឯកសារ (រួមទាំងឯកសារកំបាំង) ទាំងអស់ដែលមាននៅក្នុងថតដែលអ្នកកំពុងស្ថិតនៅ។ ម្យ៉ាងវិញទៀត ប្រភេទនេះ នឹងមានបង្ហាញនូវសិទ្ធិប្រើប្រាស់ (Permission), ថ្ងៃខែឆ្នាំបង្កើត, អ្នកកែសម្រួលបន្ទាប់, និងឈ្មោះឯកសារ។
៤. sudo apt-get install
ពាក្យបញ្ជានេះ មានសារប្រយោជន៍ច្រើនណាស់ក្នុងការដំឡើងរាល់កម្មវិធីនានានៅក្នុង Ubuntu។ ពាក្យបញ្ជានេះចាត់ចូលជាពាក្យបញ្ជា ដែលអ្នកប្រើប្រាស់ Ubuntu ទាំងអស់ត្រូវស្គាល់ និងចេះប្រើប្រាស់។ វាមិនមានអ្វីពិបាកឡើយ ព្រោះជាទូទៅនៅក្នុងអត្ថបទមួយដែលស្ដីអំពីកម្មវិធីអ្វីមួយ តែងត្រូវបានប្រាប់ពាក្យបញ្ជាមកស្រាប់ គ្រាន់តែចម្លងហើយទម្លាក់ទៅក្នុង Terminal ជាការស្រេច។ បើមានស្រាប់នៅក្នុងអត្ថបទអំពីកម្មវិធីណាមួយ ហេតុអីយើងត្រូវចេះ? នៅពេលខ្លះដែលយើងបានប្រទះឈ្មោះកម្មវិធីដែលយើងចង់បាន តែក្នុងនោះមិនមានប្រាប់អំពីពាក្យបញ្ជា ដើម្បីដំឡើងឡើយ។ ដូច្នេះយើងត្រូវតែបើក Terminal មកវាយពាក្យបញ្ជាឡើងដោយខ្លួនឯង។ ឧទាហរណ៍ថា ដំឡើងកម្មវិធី Chromium ដូច្នេះយើងវាយថា
sudo apt-get install chromium-browser
នៅពេលដែលអ្នកចុច Enter ហើយ វានឹងទាមទារយកពាក្យសម្ងាត់។ ពេលដែលអ្នកផ្ដល់ពាក្យសម្ងាត់ហើយ នោះវានឹងធ្វើការដំឡើងកម្មវិធីឲ្យអ្នកតែម្ដង។
នៅពេលដែលអ្នកប្រើ ” sudo apt-get install ឈ្មោះកញ្ចប់កម្មវិធី ” អ្នកអាចប្រើ Tab ដើម្បីស្វែងរក និង ឲ្យវាជួយបំពេញឈ្មោះកញ្ចប់កម្មវិធីបានដោយស្វ័យប្រវត្តិ។ ដូចនៅក្នុងពាក្យបញ្ជា cd ដែរ។
កម្មវិធីដែលអ្នកអាចដំឡើងបាន លុះត្រាតែកម្មវិធីនោះមាន PPA (សូមអាន ទីតាំងផ្ទុកឯកសារ ឬ Repository) នៅក្នុងបញ្ជីជាមុនសិន។


Comments
7 responses to “ពាក្យបញ្ជាចំនួន៤ នៅក្នុង Ubuntu ដែលអ្នកគួរដឹង”