
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងបញ្ចេញពីគំនិតផ្ទាល់របស់ខ្ញុំ ដែលធ្លាប់បានឆ្លងកាត់ និងបានប្រើប្រាស់ជាយូរមកហើយ។ នៅក្នុង Ubuntu យើងអាចដំឡើងឯកសារកម្មវិធី (.deb) បានតាមវិធីពីរយ៉ាងដែលល្អនោះមានដូចជា៖
- តាមរយៈ ពាក្យបញ្ជា dpkg (អ្នកគ្រប់គ្រងកញ្ចប់កម្មវិធី/package manager, ប្រើនៅក្នុង Terminal)
- តាមរយៈ មជ្ឈមណ្ឌលកម្មវិធី (Software Center)
ភាគច្រើនយើងចូលចិត្តដំឡើងតាម មជ្ឈមណ្ឌលកម្មវិធី ដោយហេតុតែការដំឡើងនេះ ងាយស្រួល គ្រាន់តែចុចបើកឯកសារ .deb ហើយចុចលើប៊ូតុងដំឡើង ជាការស្រេច។ តែអ្នកប្រហែលមិនទាន់ដឹងទេថា ពេលដែលបើកមជ្ឈមណ្ឌលកម្មវិធីម្ដងៗ វាត្រូវការ CPU ច្រើនដែរដើម្បីដំណើរការកម្មវិធី។ ចុះនៅពេលយើងចុចដំឡើងឯកសារកម្មវិធីថែមទៀត ដែលទាក់ទងទៅកាន់ឯកសារប្រព័ន្ធ នោះវានឹងចាប់យក CPU មួយជាន់ថែមទៀត។ ដូច្នេះអ្នកត្រូវការទំហំ CPU ទំនេរច្រើនដើម្បីបើកមជ្ឈមណ្ឌល និងដំឡើងកម្មវិធី។ បើកុំព្យូទ័រអ្នកកំពុងប្រើ CPU ចំនួន ៦០% ហើយនោះ នៅពេលដែលអ្នកបើក Software Center ពេលខ្លះ CPU របស់អ្នកនឹងឡើងដល់ ១០០% តែម្ដង។
តែចំពោះការដំឡើងតាម Terminal ឯណោះវិញ អ្នកត្រូវការ CPU តិចមិនច្រើនដូច មជ្ឈមណ្ឌលកម្មវិធី ឡើយ។ ម្យ៉ាងទៀតអ្នកមិនបាច់រង់ចាំការបើកកម្មវិធីយូរដូច Software Center។ ចំណែកការដំឡើងវិញទៀតនោះ បើប្រព័ន្ធរបស់អ្នកមានបញ្ហា អ្នកងាយនឹងទទួលបានសារប្រាប់មូលហេតុ និងដំណោះស្រាយទៀតផង នៅពេលខ្លះ។ ការដំឡើងវិញក៏មានសកម្មភាពលឿន។ តែអ្នកត្រូវចាំពាក្យបញ្ជាមួយឃ្លាប៉ុណ្ណោះ៖
sudo dpkg -i PACKAGE_NAME
- sudo = ការប្រើសិទ្ធិជាគណនីមេ (root)
- dpkg = ជាប្រព័ន្ធគ្រប់គ្រងកញ្ចប់កម្មវិធីនៅក្នុង Ubuntu (package manager)
- -i = ជាក្បួន (function) មួយនៅក្នុងប្រព័ន្ធគ្រប់គ្រងកញ្ចប់កម្មវិធី ដែលមានន័យថា install
- PACKAGE_NAME = សូមជំនួសត្រង់នេះ នូវទីតាំងកញ្ចប់កម្មវិធី .deb ដែលអ្នកចង់ដំឡើង
ឧទាហរណ៍
sudo dpkg -i ~/Desktop/google-chrome.deb
សញ្ញា ~ មានន័យស្មើនឹង /usr/USERNAME , ~/Desktop មានន័យស្មើនឹង /usr/USERNAME/Desktop
នៅពេលដែលអ្នកវាយបញ្ចូលពាក្យបញ្ជារួចហើយ សូមចុច Enter នៅពេលនោះការដំឡើងនឹងចាប់ផ្ដើម។ សូមប្រើពាក្យបញ្ជានេះនៅក្នុង Terminal។
ចុះគំនិតអ្នកទាំងអស់គ្នាវិញ តើអ្នកចូលចិត្តដំឡើងតាម Terminal ឬក៏តាម មជ្ឈមណ្ឌលកម្មវិធី? តើអ្នកមានចម្ងល់មែនទេ? បើមាននោះ អាចទម្លាក់មតិនៅខាងក្រោមអត្ថបទនេះ ខ្ញូំនឹងជួយបកស្រាយពន្យល់ថែមពីលើទៀត បើខ្ញុំអាចជួយបាន។ 🙂
Comments
326 responses to “តើការដំឡើងកម្មវិធីពីឯកសារ .deb ក្នុង Ubuntu តាមរយៈ Terminal និង Software Center មួយណាល្អជាង?”