Microsoft បានផ្សាយអត្ថបទស្ដីអំពី Explorer នៅក្នុង Windows 8 យ៉ាងលម្អិតថា នៅក្នុងជំនាន់ថ្មីនៃ Explorer នោះនឹងត្រូវប្រើរូបរាងថ្មីមួយគឺ Ribbon ដែលមានន័យជាភាសាខ្មែរថា ផ្ទាំងចម្រៀក (ជាការច្រៀកកាត់ផ្ទាំងដាច់ៗពីគ្នា)។ រូបរាងបែបនេះ អ្នកធ្លាប់បានឃើញមកហើយនៅក្នុង Microsoft Office Words ពីជំនាន់ ២០០៧ មកម្ល៉េះ។ ក្នុងរូបរាងថ្មីនេះ អ្នកនឹងទទួលបានមុខងារជាច្រើនបន្ថែមពីរូបរាងចាស់។
នៅក្នុងផ្ទាំង File មានសណ្ឋានដូចទៅនឹងផ្ទាំង File របស់ Office ដែរ។ ម្យ៉ាងទៀតនៅក្នុងម៉ឺនុយនេះ អ្នកនឹងទទួលបានម៉ឺនុយថ្មីមួយគឺការបើក Command Prompt , ពេលដែលអ្នកចុចលើម៉ឺនុយនោះ មានន័យថាអ្នកអ្នកដំណើរការ CMD នៅក្នុងទីតាំងដែលអ្នកកំពុងស្ថិតនៅជា អ្នកប្រើធម្មតា ឬ ជាអ្នកគ្រប់គ្រង។

ចំណែកនៅក្នុងផ្ទាំង Home (ផ្ទាំងដំបូង) នេះវិញមានផ្ទុកទៅដល់ឧបករណ៍សំខាន់ៗរបស់ Explorer ដូចជា៖ កាត់, ចម្លង, បិទភ្ជាប់ (Paste), មើលលក្ខណៈសម្បត្តិនៃឯកសារ, លុប, ប្ដូរឈ្មោះ, បង្កើតថតឯកសារថ្មី, ផ្លាស់ទីឯកសារ ។ល។

ហើយនៅក្នុងផ្ទាំង Share (ចែករំលែក) អាចឲ្យអ្នកធ្វើការផ្ញើអ៊ីមែល, ខ្ចប់ឯកសារជា, បោះពុម្ព, ផ្ញើទូរសារ និងធ្វើការចែករំលែកឯកសារ ដោយចុចតែម្ដងប៉ុណ្ណោះ។

នៅក្នុងផ្ទាំង View (ទិដ្ឋភាព) ឯណេះវិញ មានផ្ទុកទៅដោយជម្រើសទិដ្ឋភាពជាច្រើន ដូចជាការលាក់ឯកសារ, សម្រួលដំណើរការ (Refresh), ផ្លាស់ប្ដូរសណ្ឋានបង្ហាញបញ្ជីឯកសារ និងជម្រើសផ្សេងៗទៀតជាច្រើន។

នៅក្នុងផ្ទាំងទិដ្ឋភាព ប៉ែកខាងឆ្វេងអ្នកនឹងឃើញមានជម្រើសបីគឺ Navigation , ការមើលជាមុន (Preview) និងព័ត៌មានលម្អិត (Details)។ ពីមុនផ្ទាំងបង្ហាញព័ត៌មានលម្អិតស្ថិតនៅប៉ែកខាងក្រោមនៃផ្ទៃកម្មវិធី Explorer (ក្នុង Windows 7 ជាដើម) តែនៅពេលនេះគឺស្ថិតនៅខាងស្ដាំ ហើយបង្ហាញរាល់ព័ត៌មានលម្អិតនានាទាក់ទងនឹងឯកសារ។

គ្រប់ជម្រើសនានានៅក្នុងផ្ទាំងនិមួយ សុទ្ធតែមានក្ដារចុចផ្លូវកាត់ ដែលអ្នកអាចកែសម្រួលបានដោយខ្លួនឯងថែមទៀតផង។

ម្យ៉ាងវិញទៀតបើអ្នកគិតថាផ្ទាំងចម្រៀក (ribbon) ទាំងនោះរញ៉េរញ៉ៃពិបាកប្រើ អ្នកក៏អាចធ្វើការរៀបចំរបស់ទាំងឡាយក្នុងផ្ទាំងចម្រៀកនិមួយៗ ឲ្យសមទៅតាមចំណូលចិត្តរបស់អ្នកក៏បាន, អ្នកអាចលាក់រូបរាងផ្ទាំងចម្រៀក (ribbon) ក៏បានដែរ ដើម្បីឲ្យឃើញនៅសល់តែរបារតែមួយជួរ មានសណ្ឋានប្រហាក់ប្រហែលទៅនឹងរូបរាងនៃជំនាន់ Explorer ចាស់។

ហើយក៏មានផ្ទាំងផ្សេងៗទៀតដែរ ដែលនឹងបង្ហាញតាមពេលវេលា។

ម្យ៉ាងទៀត Explorer នៅក្នុង Windows 8 បានភ្ជាប់មកនូវ QAT (Quick Access Toolbar ដែលស្ថិតនៅកំពូលខាងឆ្វេង) អាចជួយសម្រួលដល់ការងាររបស់អ្នកបានមួយចំណែកទៀត។ QAT នេះក៏អាចកែសម្រួលបានតាមចំណង់ចំណូលចិត្តរបស់អ្នកដែរ។

ជាចុងក្រោយគឺជាប៊ូតុងទៅមុខថយក្រោយ និងប៊ូតុង Up។
![]()
តើមិត្តអ្នកអាន មានមតិយ៉ាងណាដែរចំពោះរូបរាងថ្មីរបស់ Explorer ដែលនឹងមានភ្ជាប់មកជាមួយ Windows 8? គិតថាពិបាកជាងមុន ឬក៏គិតថាល្អជាងមុន ឬក៏ងាយស្រួលនិងធ្វើការបានរហ័សជាងមុន?
បើអ្នកមើលវីដេអូបង្ហាញនោះសូមចូលទៅកាន់ ទីនេះ។
[ប្រភពព័ត៌មាន និងរូបភាព៖ GMS Areana]
Comments
255 responses to “លក្ខណៈពិសេសថ្មីៗនៃ Explorer ក្នុង Windows 8 ដែលអ្នកគួរដឹង”