ជាដំបូងខ្ញុំសុំឲ្យអ្នកអានទាំងអស់ មេត្តាអធ្យាស្រ័យចំពោះទស្សនៈរបស់ខ្ញុំ បើសិនមានការឆ្គាំឆ្គងត្រង់ណាមួយ សូមមេត្តាជួយរិះគន់ដើម្បីឲ្យខ្ញុំបាទបានស្ថាបនា។ ក្នុងអត្ថបទនេះខ្ញុំសុំបញ្ចេញមតិទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដោយមិនរិះគន់តិះដៀនទៅខាងណាឡើយ គឺខ្ញុំសុំផ្ដោតចម្បងលើការប្រើប្រាស់យូនីកូដខ្មែរលើកុំព្យូទ័រនិងទូរស័ព្ទ ជាពិសេសគឺការសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរ។ ខាងក្រោមនេះខ្ញុំសុំចាប់ផ្ដើមបញ្ចេញទស្សនៈ និងរៀបរាប់ប្រវត្តិនៃយូនីកូដខ្មែរត្រួសៗ។
យូនីកូដខ្មែរបានចាប់កំណើតមកតាំងពីឆ្នាំ ១៩៩៩ ហើយត្រូវបានផ្សព្វផ្សាយដំបូងដោយក្រុម Open Forum កាលពីឆ្នាំ ២០០៤ និងត្រូវបានទទួលស្គាល់ជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០១០។ រដ្ឋាភិបាលក៏បានចេញប្រកាសផ្សាយអំពី យូនីកូដខ្មែរនេះ ឲ្យប្រើបានយ៉ាងទូលំទូលាយនៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា (IT) ហើយត្រូវបានដាក់ឲ្យប្រើនៅគ្រប់ស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា។ បើទោះបីជារដ្ឋាភិបាលបានចំណាយពេលរហូតដល់ទៅជាង១១ឆ្នាំ ដើម្បីទទួលស្គាល់ (យូនីកូដខ្មែរ) ជាផ្លូវការ ទោះជាយ៉ាងណាក្ដីក៏ខ្ញុំសប្បាយរីករាយដែរ ដែលរដ្ឋាភិបាលបានទទួលស្គាល់ប្រព័ន្ធអក្សរយូនីកូដមួយនេះឲ្យប្រើជាផ្លូវការ។ ក្រៅពីក្នុងជួររដ្ឋាភិបាល ក៏មានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរទូទៅ ព្រោះមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក ជាភាសាជាតិ ភាសាកំណើត គឺភាសាខ្មែរ ហើយក៏ជាភាសាចម្បងនៅក្នុងទឹកដីដែលយើងរាល់គ្នាកំពុងឈរនៅលើ។
ខ្ញុំសុំបើករង្វង់ក្រចកបង្ហាញពីគោលគំនិត និងការខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរទាំងឡាយ។ កាលពីមុនការប្រើប្រាស់អក្សរខ្មែរក្នុងវិស័យបោះពុម្ព មានការពិបាកណាស់។ តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំកន្លងមក ជំនាន់មុននោះ គឺគេប្រើលីណូទីប និងម៉ូណូទីប ក្នុងការបោះពុម្ពសៀវភៅម្ដងមួយសន្លឹកៗ។ ហើយក្រោយមកទើបចាប់កំណើតមានអង្គុលីលេខ។ ខ្ញុំសុំលើកយករឿង អង្គុលីលេខ មកបង្ហាញបន្តិច។ អក្សរខ្មែរក្នុងអង្គុលីលេខដំបូងឡើង មិនមែនដូចអក្សរដែលយើងសរសេរបច្ចុប្បន្នឡើយ គឺកាលហ្នុងគេបានកែច្នៃអក្សរឲ្យមានភាពងាយស្រួលវាយនៅក្នុងអង្គុលីលេខដើម ហើយបន្តមកទៀតទើបមានលោក កេង វ៉ាន់សាក់ បានកែច្នៃអង្គុលីលេខនោះ ឲ្យមានការវាយអក្សរខ្មែរត្រូវតួគ្រប់វិញ។ ដូច្នេះយើងឃើញថា បុព្វបុរសយើងបាននាំគ្នាស្វាធ្យាយប្រឹងប្រែងយ៉ាងណា ឲ្យអក្សរខ្មែរដែលជាអត្តសញ្ញាណដ៏ធំអស្ចារ្យមួយនៃជាតិខ្មែរយើងនេះ មានដំណើរការបានល្អ និងងាយស្រួលអាន។
ឥឡូវសុំបកមកនិយាយត្រឹមរឿងដែលខ្ញុំចង់ផ្ដោតនេះវិញ។ ទោះបីយូនីកូដខ្មែរទើបតែត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែវាត្រូវបានផ្សព្វផ្សាយដោយក្រុម Open Forum តាំងពី២០០៤ មកម្ល៉េះ។ ហើយចាប់តាំងពីឆ្នាំ ២០០៤ មកក៏ចាប់ផ្ដើមមានអ្នកស្គាល់ជាបន្តបន្ទាប់។ តាមខ្ញុំដឹង យូនីកូដខ្មែរមានការនិយមប្រើប្រាស់ច្រើន ក្នុងចន្លោះឆ្នាំ ២០០៧ និង ២០០៨ នេះ។ បន្ទាប់ពីការពេញនិយមប្រើក្នុងកិច្ចការដ្ឋបាល និងការិយាល័យហើយនោះ តម្រូវការក៏កើតមានឡើងថ្មីមួយទៀត គឺចង់ឲ្យមានការវាយអក្សរយូនីកូដខ្មែរបានស្រួលនៅក្នុង Photoshop ជាដើម។ នៅពេលនោះលោកពូ ដាញ់ ហុង ក៏បានសម្រេចចិត្តបង្កើតគ្រួសារពុម្ពអក្សរ Kh ដែលអាចប្រើបានយ៉ាងស្រួលនៅលើ Photoshop តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ នេះសបញ្ជាក់ឲ្យឃើញថា ការអភិវឌ្ឍថ្មីៗនៃប្រព័ន្ធអក្សរយូនីកូដខ្មែរ តែងមានបន្ទាន់សម័យជានិច្ច ព្រោះបច្ចេកវិទ្យាក៏ចេះតែកើនឡើងជាដរាបដែរ។ ហើយនាពេលថ្មីៗនេះ តាមការសម្ភាសរបស់វិទ្យុអូស្ត្រាលីខេមរភាសា ជាមួយនឹងលោក ដាញ់ ហុង , គាត់បានលើកបញ្ជាក់ថា គាត់កំពុងតែងបង្កើតអក្សរយូនីកូដខ្មែរថ្មីមួយ ដែលប្រើបច្ចេកវិទ្យា UFO (Unified Font Object) មានដំណើរការបានយ៉ាងល្អនៅលើ Android 3.1+ , iPhone 4G និងលើប្រព័ន្ធប្រតិបត្តិការមួយចំនួនដូចជា Mac OS និង Linux។
ដូច្នេះសរុបមកកុំថាតែបុព្វបុរសខ្មែរសម័យមុនដែលខិតខំនោះ សម័យនេះក៏មានអ្នកខិតខំដែរ ព្រោះយើងជាជនជាតិខ្មែរ ហើយរាល់ថ្ងៃយើងតែងប្រើភាសាខ្មែរក្នុងការប្រាស្រ័យទាក់ទងគ្នា ដូច្នេះការដែលយើងធ្វើឲ្យអក្សរខ្មែរមានមុខមាត់លើឆាកអន្តរជាតិបែបនេះ ពិតជាមុខមាត់ដ៏មហិមាមួយរបស់ជាតិខ្មែរទាំងមូល។ ដោយសារតែមានយូនីកូដខ្មែរបែបនេះហើយ ទើបបានជាអ្នកដែលមានចំណេះផ្នែកបច្ចេកព័ត៌មានវិទ្យា (IT) ទាំងឡាយបានព្យាយាមបង្កើតពុម្ពអក្សរ ព្រមទាំងកែច្នៃឲ្យយូនីកូដខ្មែរដើរនៅលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទមួយចំនួនដូចជា iOS, Android, Symbian S40 ជាដើម។ ម្យ៉ាងទៀតយើងក៏សប្បាយរីករាយដែរ ដែលក្រុមហ៊ុន Microsoft បានដាក់បញ្ចូលប្រព័ន្ធអក្សរខ្មែរយូនីកូដផ្ទាល់នៅក្នុង Windows 7 ឡើងទៅ ក៏ប៉ុន្តែពុម្ពអក្សរ និងក្ដារចុចដែល Microsoft បានដាក់បញ្ចូលនោះ មិនមែនជាក្ដារចុចដែលអ្នកប្រើប្រាស់ទាំងឡាយ ធ្លាប់ប្រើឡើយ ដូច្នេះទោះបីជាមានបញ្ចូលយ៉ាងណាក្ដី ក៏នៅតែត្រូវដំឡើងពីក្រៅបន្ថែមទៀតដដែល។
ខាងលើនេះជាប្រវត្តិ និងការវិវឌ្ឍដកស្រង់ខ្លះៗដែលខ្ញុំធ្លាប់បានដឹងឮ។ ដូច្នេះពេលនេះខ្ញុំសុំបើកឆាកចូលដល់សាច់រឿងរបស់យើងតែម្ដង ពីការសរសេរអក្សរអង់គ្លេសជាសំនៀងភាសាខ្មែរ។ យើងឃើញថានៅក្នុងបណ្ដាញសង្គម Facebook ដែលជាសង្គមបណ្ដាញមួយដ៏ធំនៅក្នុងពិភពលោកនេះ មានអ្នកចូលរួមប្រើប្រាស់រាប់ពាន់លានអ្នក។ ក្នុងនោះប្រជាជនខ្មែរក៏មានច្រើនដែរ។ ចុះការប្រាស្រ័យទាក់ទងរបស់ពួកគាត់ តើពួកគាត់សរសេរជាអក្សរខ្មែរ ឬប្រើភាសាអង់គ្លេសសុទ្ធ ឬក៏ប្រើអក្សរអង់គ្លេសជាសំនៀងភាសាខ្មែរ? តើអ្នកប្រើអក្សរខ្មែរមានប៉ុន្មាននាក់? ទាំងនេះសុទ្ធតែសំនួរដែលយើងចង់បានចម្លើយណាស់។ ខ្ញុំមិនទាន់បានដឹងពីស្ថិតិនៃអ្នកប្រើយូនីកូដខ្មែរ នៅក្នុងប្រទេសកម្ពុជាថា មានប៉ុន្មាននាក់ឡើយ។ តើមានអ្នកណាដឹងទេ?
ខ្ញុំបានឃើញមានបងប្អូនជនជាតិខ្មែរមួយចំនួនធំ គាត់និយមប្រើអក្សរអង់គ្លេសជាសំនៀងភាសាខ្មែរ នៅពេលគាត់សរសេរសារតបលេងជាមួយនឹងមិត្ត នៅក្នុងបណ្ដាញសង្គម Facebook ជាដើម។ ការសរសេរបែបនោះ ពិតជាទទួលបានការពេញនិយមណាស់។ តែតើអ្នកដឹងទេ ថាការសរសេរបែបនេះ ផ្ដល់ផលវិបាកយ៉ាងណាខ្លះដល់ភាសាខ្មែរយើង? ហើយតើមូលហេតុដូចម្ដេច ដែលជាហេតុបង្ខំឲ្យពួកគាត់សរសេរបែបនេះ?
- ១. អាចមកពីពួកគាត់ ប្រើប្រាស់តាមទូរស័ព្ទនានា ដែលពុំមានយូនីកូដខ្មែរទាល់តែសោះ។
- ២. អាចមកពីពួកគាត់ មានអារម្មណ៍ថាខ្ជិលវាយ ព្រោះខ្លួនវាយមិនសូវស្ទាត់។
- ៣. អាចមកពីពួកគាត់ មិនទាន់ស្គាល់ថាអ្វីទៅជាយូនីកូដខ្មែរ?
- ៤. អាចមកពីពួកគាត់ ស្គាល់ហើយតែមិនដឹងប្រើយ៉ាងម៉េច?
ចំពោះចំណុចទាំងបួនខាងលើនេះ ជាកត្តាចម្បងដែលខ្ញុំគិតជាហេតុបង្ខំឲ្យពួកគាត់សម្រេចចិត្តធ្វើបែបនេះ។ ក្នុងចំណុចទាំងបួនខាងលើនេះ ខ្ញុំក៏មានទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដែរ។
-ចំពោះចំណុចទី១៖ ទូរស័ព្ទមួយចំនួនពិតជាមិនមានយូនីកូដខ្មែរទាល់តែសោះមែន ហើយនេះជាបញ្ហាមួយដែលពិបាកដោះស្រាយ ព្រោះយុវវជនខ្មែរបច្ចុប្បន្ននេះ ពិតជាពេញនិយមការប្រើប្រាស់អ៊ីនធ័រណិតតាមរយៈទូរស័ព្ទនេះ។ មានតែទូរស័ព្ទសេរីថ្មីៗប៉ុណ្ណោះ ដែលអាចមានសមត្ថភាពក្នុងការអានអក្សរយូនីកូដខ្មែរ។
-ចំពោះចំណុចទី២៖ ខ្ញុំធ្លាប់បានជជែកលេងជាមួយមនុស្សមួយចំនួន ពេលខ្ញុំវាយជាអក្សរខ្មែរទៅ គាត់អាចអានបាន ក៏ប៉ុន្តែគាត់បានតបមកវិញជាភាសាអង់គ្លេសសុទ្ធ ហើយជួនណាក៏បានតបមកវិញនូវអក្សរអង់គ្លេសជាសំនៀងភាសាខ្មែរ។ ខ្ញុំបានសួរគាត់ថា ម៉េចក៏មិនវាយជាអក្សរខ្មែរទៅ បើអ្នកអាចអានបានហ្នឹង? គាត់ក៏តបមកថា គាត់ខ្ជិល ហើយនិងវាយមិនសូវលឿន។ ខ្ញុំក៏បានចោទជាសំនួរមួយទៅគាត់វិញថា តើកាលដែលអ្នកវាយអក្សរអង់គ្លេសដំបូង តើអ្នកវាយលឿនណាស់ឬ? ស្រាប់តែពេលនោះគាត់ក៏យល់ពីគំនិតរបស់ខ្ញុំ ហើយបានផ្លាស់មកវាយជាអក្សរខ្មែរភ្លាម។ ខ្ញុំមិនដែលគិតថាវាយយឺត ឬ លឿនជារឿងធំដុំឡើយ រឿងសំខាន់គឺ តើយើងចេះវាយ និងវាយចេញដែរឬទេ? យើងត្រូវតែរៀនហ្វឹកហាត់វាយពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងស្ទាត់ជំនាញដោយមិនខ្លួនផងពេលខ្លះ។ ដូច្នេះសូមកុំខ្លាចរអារថា វាយយឺតអ្វីឡើយ ត្រូវតែតាំងចិត្តឡើង។
-ចំពោះចំណុចទី៣៖ មែនហើយ! ចំណុចនេះក៏ជាចំណុចសំខាន់ដែរ។ ខ្ញុំគិតថាមកដល់ឆ្នាំនេះហើយ យូនីកូដខ្មែរប្រហែលត្រូវបានផ្សព្វផ្សាយបានទូលំទូលាយហើយ។ ខ្ញុំក៏គិតដូច្នោះដែរ កាលពីខ្ញុំទៅបណ្ណាគារមួយកាលពីថ្ងៃមុន ខ្ញុំបានឮអ្នកធ្វើការនៅទីនោះ មានបញ្ហាយូនីកូដខ្មែរ ហើយខំឲ្យធ្វើការជាមួយ ជួយដោះស្រាយបញ្ហានេះ។ ហើយម្យ៉ាងទៀតកាលពីខ្ញុំនៅរៀនថ្នាក់ទី១០ ក្នុងកម្មវិធីសិក្សាបានដាក់បញ្ចូលនូវម៉ោងថ្មីមួយទៀត គឺម៉ោងកុំព្យូទ័រ ដែលកាលណោះ គ្រូកុំព្យូទ័រខ្ញុំក៏បានបង្ហាត់និងបង្ហាញអំពីយូនីកូដខ្មែរ ព្រមទាំងកម្មវិធីការិយាល័យជាភាសាខ្មែរ (OpenOffice.org) ថែមទៀតផង។ ការបង្រៀននោះ បានធ្វើឲ្យមិត្តរបស់ខ្ញុំមួយចំនួនយល់ពីយូនីកូដខ្មែរ ហើយពួកគេក៏បានរៀនទំនាក់ទំនងគ្នាដោយប្រើអក្សរខ្មែរថែមទៀត។ ទោះបីជាមានការផ្សព្វផ្សាយយ៉ាងណាក្ដី ក៏នៅតែមានមនុស្សមួយចំនួនទៀតមិនទាន់ស្គាល់ថា អ្វីទៅជាយូនីកូដនោះសោះឡើយ។
-ចំពោះចំណុចទី៤៖ ស្គាល់ហើយ តែមិនដឹងប្រើយ៉ាងម៉េច? មែនហើយ! ចំពោះរឿងនេះខ្ញុំក៏ធ្លាប់ជួបដែរ។ មានបងស្រីម្នាក់ កាលពីខ្ញុំស្គាល់គាត់ដំបូងខ្ញុំបានសាកល្បងវាយជាអក្សរខ្មែរទៅគាត់ (ក្នុង Facebook) ហើយខ្ញុំគិតថាគាត់មិនអាចអានបានទេ ខ្ញុំក៏កែទៅជាអង់គ្លេសវិញ តែខ្ញុំទទួលបាននូវពាក្យដ៏ល្អរបស់គាត់ថា “ចូរប្អូនសរសេរជាអក្សរខ្មែរទៀតចុះ បងពេញចិត្តណាស់។” (កាលហ្នុងគាត់សរសេរជាភាសាអង់គ្លេស)។ ដោយសារតែឃើញថាគាត់ស្រលាញ់អក្សរខ្មែរ ខ្ញុំបានជជែកជាមួយគាត់មួយល្ងាច និងបង្រៀនឲ្យគាត់ចេះប្រើ។ ស្រាប់តែស្អែកឡើង គាត់អាចសរសេរអក្សរខ្មែរបានយ៉ាងល្អ ហើយបានទំនាក់ទំនងជាមួយខ្ញុំយ៉ាងងាយស្រួលដែរ។ គាត់ថា កាលយប់នោះគាត់មិនបានដេកពួនទេ គឺគាត់ខំរៀនវាយឲ្យចេះ។ នៅពេលបច្ចុប្បន្ននេះ ខ្ញុំនិងគាត់នៅតែមានទំនាក់ទំនងគ្នាបានយ៉ាងល្អ ជាមួយការសរសេរភាសាខ្មែរ។
ដូច្នេះចំណុចទាំងប៉ុន្មានខាងលើនេះ តាមទស្សនៈរបស់ខ្ញុំគឺជាចំណុចចម្បងក្នុងការបង្ខំឲ្យពួកគាត់ប្រើភាសាអង់គ្លេសសុទ្ធ និង អក្សរអង់គ្លេសជាសំនៀងភាសាខ្មែរ។ ចំណុចដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះ គឺជាចំណុចទី២។
«ហេតុអ្វីអ្នកអាចអានអក្សរខ្មែរយូនីកូដបានហើយ ម្ដេចក៏មិនព្រមសរសេរជាអក្សរខ្មែរផង? តើអ្នកគិតថាការប្រើប្រាស់ភាសានិងអក្សរបរទេស នាំមកនូវភាពឡូយឆាយដល់ខ្លួនអ្នកមែនទេ? ខ្ញុំសង្ឃឹមថាអ្នកអាចប្រើភាសាឬអក្សរ ខ្មែរនិងបរទេស តាមកាលៈទេសៈដែលអ្នកគិតថាស័ក្ដិសម។»
«ចូរនាំគ្នាលើកតម្កើងភាសានិងអក្សរជាតិខ្មែរយើង ព្រោះភាសានិងអក្សរជាតិនេះហើយ គឺជាអត្តសញ្ញាណដ៏ធំដើម្បីផ្ដល់ជាអំណះអំណាងថា យើងខ្ញុំជាកូនខ្មែរ កើតក្នុងទឹកដីខ្មែរ មានឈាមជាខ្មែរ។»
ជាចុងក្រោយ ក្នុងនាមខ្ញុំដែលជាកូនខ្មែរកើតមកស្ថិតនៅលើទឹកដីខ្មែរនេះ ខ្ញុំចង់សំនូមពរឲ្យអ្នកទាំងអស់គ្នាជួយគិតគូរដល់ភាសានិងអក្សរជាតិខ្មែរយើងផង។ រាល់ថ្ងៃយើងមិនមែនប្រើភាសាបរទេសក្នុងការសិក្សានៅឯសាលារដ្ឋឡើយ។ ហើយចូរយើងក្រឡេកមើលទៅអតីតកាលផង ពីពេលដែលក្រុមខេមរយានកម្មបានផ្លាស់ប្ដូរសង្គមខ្មែរទាំងមូលក្នុងវិស័យអប់រំជាភាសាបារាំង មកជាភាសាខ្មែរ។ អតីតកាលជាគ្រឹះនៃបច្ចុប្បន្នកាល និងអនាគតកាល។ ចូរយើងជាកូនខ្មែរទាំងអស់គ្នា នាំគ្នាខិតខំស្វាធ្យាយជួយអភិវឌ្ឍភាសានិងអក្សរខ្មែរយើងឲ្យបានរីកចម្រើន ដូចមហាប្រទេសនៅលើពិភពលោក។
អក្សររលត់ជាតិរលាយ អក្សរពណ្ណរាយជាតិថ្កើងថ្កាន។
ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង ១:០៨នាទីយប់។
Comments
260 responses to “ទស្សនៈខ្ញុំ៖ យើងមានរបស់ផ្ទាល់ខ្លួនហើយ ម្ដេចមិននាំគ្នាប្រើ?”