ដោយហេតុមមាញឹកក្នុងការងារ ទើបខ្ញុំមិនបានសរសេរអត្ថបទបានញឹកញាប់ និងទាន់ពេលវេលា
#OpenCambodia នៅក្នុងថ្ងៃទី២នេះ ក៏មិនខុសអំពីថ្ងៃទី១ប៉ុន្មានដែរ ដូចជាមានការធ្វើបទបង្ហាញជាក្រុមៗជាដើម។ តែមុននឹងចប់កម្មវិធីនោះ គេក៏មានការថតរូបជាក្រុមផងដែរ ព្រមទាំងរៀបចំក្រុមដើម្បីធ្វើការពិភាក្សាណាមួយឲ្យមានសកម្មភាព និងបន្តផ្ដល់ជាសេចក្ដីរាយការណ៍ទៅកាន់ក្រុម OpenCambodia រៀងរាល់ពេលធ្វើការប្រជុំក្រុមតូចៗ ក្រោយពីកម្មវិធីនេះត្រូវបានបញ្ចប់។ ក្រុមតូចៗ ដែលនឹងត្រូវប្រជុំនៅថ្ងៃក្រោយកម្មវិធីនេះ (តាមខ្ញុំចាំបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតមិនបានកត់ទុក) មានដូចជា៖ ការសរសេរសារជាអក្សរខ្មែរនៅលើទូរស័ព្ទ (Khmer SMS), ការធ្វើការបកប្រែកម្មវិធី (Localization) ជាដើម ដែលនឹងត្រូវធ្វើការប្រជុំនៅសប្ដាហ៍ខុសៗពីគ្នា។
កាលបរិច្ឆេទប្រជុំក្រុមទាំងពីរនេះ
ដោយហេតុតែខ្ញុំបានកត់ត្រាទុកតែពីរក្រុមនេះប៉ុណ្ណោះ ដូច្នេះខ្ញុំសុំបង្ហាញនូវកាលបរិច្ឆេទប្រជុំនៃក្រុមទាំងពីរ ដូចតទៅនេះ៖
ការសរសេរសារជាអក្សរខ្មែរនៅលើទូរស័ព្ទ
ការប្រជុំក្រុមនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ៣រសៀល នៅឯ វិទ្យាស្ថានបើកទូលាយ។
ការធ្វើការបកប្រែកម្មវិធី
ការប្រជុំក្រុមនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ៣រសៀល នៅឯ HackerSpace។
ល្បែងថ្មីដែលខ្ញុំបានស្គាល់
ក្រៅពីនេះខ្ញុំក៏បានស្គាល់នូវល្បែងមួយ ដែលមានឈ្មោះថា Speed Geeking។ ល្បែងនេះគឺគេរៀបតុតូចខ្ពស់ចំនួន១០ (ឬអាចច្រើនជាងនេះ តាមចំនួនមនុស្សអ្នកចូលរួម) ហើយក្នុងតុនិមួយៗមានអ្នកធ្វើបទបង្ហាញអំពីប្រធានបទផ្សេងៗពីគ្នា។ បន្ទាប់មកទៀតគេនឹងចង្អុលអ្នកចូលរួមហើយប្រាប់លេខតុ ដែលពួកគេនឹងត្រូវចូលទៅស្ដាប់។ ក្នុងតុ១ មានរយៈពេលនិយាយ៤នាទី ហើយ៤នាទីនេះសម្រាប់១ក្រុម ពេលចប់ក្រុមមួយហើយ ក្រុមនោះត្រូវដើរទៅតុមួយទៀត ហើយស្ដាប់ប្រធានបទថ្មី ដែលមានរយៈពេល៤នាទីដែរ គេធ្វើបែបនេះរហូតពេលដើរគ្រប់តុ (១ជុំ)។ ឧទាហរណ៍៖ ខ្ញុំឈរស្ដាប់ក្នុងតុលេខ ១, មិត្តខ្ញុំឈរស្ដាប់ក្នុងតុលេខ២, ពេលខ្ញុំនិងមិត្តខ្ញុំស្ដាប់គ្រប់៤នាទីហើយ ខ្ញុំត្រូវដើរទៅតុលេខ២ដើម្បីស្ដាប់ប្រធានបទថ្មី ហើយមិត្តខ្ញុំត្រូវដើរទៅតុលេខ៣ ដើម្បីស្ដាប់ប្រធានបទថ្មី។ ល្បែងមួយនេះ ខ្ញុំមិនធ្លាប់ជួបពីមុនមកទេ តែជាល្បែងល្អមួយដែលធ្វើឲ្យយើងចេះរៀបចំពាក្យនិយាយ ឲ្យងាយស្រួលយល់ លឿន សម្រាប់អ្នកស្ដាប់យើង។
រូបថតជាក្រុម [ដោយ៖ Zuzana Sadkova, Sam Sophal]
បើអ្នកចង់មើលរូបបន្ថែមក្នុងថ្ងៃទីពីរនៃព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖https://picasaweb.google.com/

Comments
271 responses to “ព្រឹត្តិការណ៍ កម្ពុជាបើកទូលាយ ក្នុងថ្ងៃទី២”