ឆាប់ៗនេះ ទីក្រុងធំទំនើបទាំងឡាយនឹងមានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែល អាចមើលថែរក្សាការរស់នៅប្រជាជនបានដោយខ្លួនឯង ។ ប្រព័ន្ធប្រតិបត្តិការទីក្រុងដែលមានឈ្មោះថា Urban OS ត្រូវបានគេផ្ដល់មុខងារពិសេសដែលមានបង្កប់នៅក្នុងអាគារ និងទីកន្លែងនានាដើម្បីពិនិត្យ និងប្រមួលព័ត៌មានផ្សេងៗដើម្បីតាមដានរាល់បញ្ហាដែលកើតឡើងនៅក្នុង ទីក្រុង ។
ប្រព័ន្ធនេះក៏មានតួនាទីមិនខុសគ្នាពីប្រព័ន្ធប្រតិបត្តិការក្នុង ម៉ាស៊ីនកុំព្យូទ័រប៉ុន្មានដែរ ។ អ្វីដែលសំខាន់គឺវាមានសមត្ថភាពថែរក្សាអាគារ ចរាចរណ៍តាមដងវិថី និងសេវាកម្មដទៃទៀតឱ្យដំណើរការបានរលូន ។
នៅពេលមានហេតុការណ៍អគ្គិភ័យកើតឡើងនៅក្នុងតំបន់ណាមួយ ប្រព័ន្ធប្រតិបត្តិការ Urban OS នឹងត្រួតពិនិត្យបញ្ជាទៅលើប្រព័ន្ធភ្លើងចរាចរណ៍ដើម្បីអនុញ្ញាតិ ឱ្យរថយន្តពន្លត់អគ្គិភ័យអាចធ្វើដំណើរជួយសង្គ្រោះបានឆាប់រហ័ស ។
យោងតាមក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីមកពីក្រុមហ៊ុន Living PlanIT ប្រព័ន្ធប្រតិបត្តិការទំនើបនេះនឹងអាចជួយសម្រាលបន្ទុកមួយចំនួនធំ ក្នុងការដោះស្រាយបញ្ហាដទៃទៀតដូចជាផ្នែកទូរគមនាគមន៍ ទំនាក់ទំនង សុខាភិបាល ការប្រើប្រាស់ថាមពល ការគ្រប់គ្រងទឹក និងធាតុអាកាសនៅក្នុងទីក្រុង ។
លោក Lewis ប្រធានក្រុមហ៊ុន Living PlanIT បានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Urban OS ប្រៀបបានទៅនឹងបណ្ដាញសរសៃខួរក្បាលដែលធ្វើការបែកចែកតួនាទីគ្រប់គ្រង ព័ត៌មានទៅតាមសរីរាង្គផ្សេងៗពេញមួយតួខ្លួនរបស់មនុស្ស ហើយចំពោះទីក្រុង វាគឺជាបណ្ដាញប្រមូលព័ត៌មានពីអាគារ ដងវិថី ទីផ្សារ និងទីកន្លែងដទៃទៀត ។
បច្ចុប្បន្ន បច្ចេកវិជ្ជាដ៏អស្ចារ្យនេះកំពុងត្រូវបានក្រុមអ្នកអភិវឌ្ឍន៍យកទៅ ធ្វើការសាកល្បងនៅក្នុងប្រទេសព័រទុយហ្កាល់ ហើយវាត្រូវគេរំពឹងទុកថានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយចំណាយខ្ជះខ្ជាយ ការលើកកម្ពស់របៀបរស់នៅ និងជាពិសេសគឺការបន្ថែមសមត្ថភាពក្នុងការគ្រប់គ្រងសុវត្ថិភាព នៅក្នុងទីក្រុងជាដើម ៕
អត្ថបទនេះសរសេរដោយ៖ ម៉ម បញ្ញា