នៅក្នុងសេវាកម្មអ៊ីមែលមួយចំនួនតែងតែមាននូវលក្ខណៈពិសេសមួយដែលគេហៅថា Filter ជាភាសាខ្មែរហៅថា តម្រង (ការត្រងយក)។ គេប្រើវាដើម្បីត្រងយកអ៊ីមែលទៅដាក់មួយដុំ ដើម្បីកុំឲ្យវាមានភាពរញ៉េរញ៉ៃនៅក្នុង ប្រអប់សារចូល (Inbox) របស់យើង។ ដូច្នេះខ្ញុំនឹងលើកយកអំពី តម្រង នៅក្នុងសេវាកម្ម Gmail របស់ Google។
ក្នុងឧទាហរណ៍នេះខ្ញុំនឹងលើកយកការត្រងយកអ៊ីមែលពី Facebook ទៅដាក់មួយដុំ ដើម្បីកុំឲ្យវាមានភាពរញ៉េរញ៉ៃនៅក្នុង ប្រអប់សារចូលរបស់យើង។
១. ជាដំបូងសូមក្រឡេកមើលទៅផ្នែកខាងលើ អ្នកនឹងឃើញប្រអប់ស្វែងរក ហើយនៅខាងស្ដាំនោះសូមចុចលើពាក្យ Create a filter។
២. នៅពេលនោះអ្នកនឹងឃើញមានប្រឡោះចំនួន ៥ ដូចជា៖ From, To, Subject, Has the words, Doesn’t have, និងកន្លែងធីកចំនួនមួយ។
- “From” ជាប្រឡោះសម្រាប់បំពេញអាសយដ្ឋានអ៊ីមែលមនុស្សដែលផ្ញើមកអ្នក
- “To” ជាប្រឡោះសម្រាប់បំពេញអាសយដ្ឋានអ៊ីមែលមនុស្សដែលអ្នកផ្ញើទៅ ឬ អ៊ីមែលណាដែលមានឈ្មោះអ្នក
- “Subject” ជាប្រឡោះបំពេញប្រធានបទនៃអ៊ីមែល
- “Has the words” ជាប្រឡោះសម្រាប់បំពេញពាក្យណាមួយ ដែលមាននៅក្នុងអ៊ីមែល
- “Doesn’t have” ជាប្រឡោះសម្រាប់បំពេញពាក្យណាមួយ ដែលមិនមាននៅក្នុងអ៊ីមែល
- “Has attachment” បើសិនយើងធីកទីកន្លែងនេះ មានន័យថា អ្វីដែលត្រូវត្រងយកមកគឺត្រូវតែមានឯកសារភ្ជាប់

នៅពេលលោកអ្នកបំពេញប្រឡោះតាមតម្រូវការរូចហើយ អាចចុចប៊ូតុងសាកល្បង (Test Search) ដើម្បីដឹងថា តើការបំពេញរបស់យើង មានលទ្ធផលដែរឬទេ។ បន្ទាប់ពីសាកល្បងដឹងលទ្ធផលហើយ សូមចុចលើប៊ូតុងទៅមុខ (Next Step) ទៀត។

៣. នៅក្នុងជំហាននេះអ្នកនឹងឃើញមានកន្លែងធីកចំនួន ៩៖
- Skip the Inbox (Archive it) ៖ កុំឲ្យចូលក្នុង Inbox (ខ្ចប់វាជាប័ណ្ណសារ)
- Mark as read ៖ សម្គាល់ថាបានអាន
- Star it ៖ ដាក់ផ្កាយ
- Apply the label ៖ ត្រង់នេះសម្រាប់សម្រាប់ផ្លាស់ទីអ៊ីមែលទាំងនោះ ទៅក្នុងថតណាមួយ ដែលយើងពេញចិត្ត
- Forward it ៖ បញ្ជូនបន្ត
- Delete it ៖ លុបចោល
- Never send it to Spam ៖ មិនបញ្ជូនទៅជារបស់ឥតបានការ
- Always mark it as important ៖ តែងតែសម្គាល់ថាជារបស់សំខាន់
- Never mark it as important ៖ កុំសម្គាល់ថាជារបស់សំខាន់
ដូច្នេះជម្រើសទាំង៩ខាងលើ គឺជាអ្វីដែលនឹងប្រតិបត្តិឡើងនៅពេលដែលអ៊ីមែលនោះចូលមកក្នុង អាសយដ្ឋានរបស់យើង។ ដូច្នេះបើយើងរើសជម្រើសមួយណា វានឹងប្រតិបត្តិនូវជម្រើសមួយនោះ។ ខ្ញុំបានបញ្ជាក់ថាខ្ញុំរើសយកអ៊ីមែលពី Facebook ជាឧទាហរណ៍ ដូច្នេះខាងក្រោមនេះគឺជារូបដែលខ្ញុំឧទាហរណ៍។
ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រមូលផ្ដុំ យើងត្រូវបង្កើត Label (ប្រៀបបានដូចជាថត) ដើម្បីផ្ទុកអ៊ីមែលអស់នោះ។ ក្នុងរូបខាងលើខ្ញុំបានរើសយក Label មួយឈ្មោះថា៖ ហ្វេសប៊ុគ ។ អ្នកអាចបង្កើត Label ថ្មីមួយបានដោយគ្រាន់តេចុចលើ “Choose label…” ហើយរើសយក “New label…” ។ បន្ទាប់ពីគូសជម្រើសរួចហើយ នៅក្បែរប៊ូតុងខាងក្រោម អ្នកនឹងឃើញជម្រើសមួយទៀតគឺ “Also apply filter to **** conversation/s below”, នេះគឺជាជម្រើសថា ពេលយើងចុចបង្កើតភ្លាម គឺឲ្យ Gmail ធ្វើការត្រងយកអ៊ីមែលដែលមានស្រាប់ៗនោះមកដាក់ចូលភ្លាមៗដាក់ចូលក្នុង Label ដែលយើងបានកំណត់ ដោយមិនបាច់ចាំឲ្យមានអ៊ីមែលថ្មី, បើមានអ៊ីមែលថ្មី វានឹងចូលទៅក្នុងនោះដោយខ្លួនឯងតែម្ដង។ ដូច្នេះបើអ្នកចង់ឲ្យវាត្រងអ៊ីមែលដែលមានស្រាប់នោះ សូមចុចជម្រើសនោះ បន្ទាប់មកចុចប៊ូតុង Create filter ជាការស្រេច។
នៅពេលដែលមានអ៊ីមែលទាំងនេះផ្ញើមកអ្នក នោះ Gmail នឹងយកអ៊ីមែលទាំងនោះទៅដាក់ក្នុង Label ដែលអ្នកបានកំណត់នោះហើយ។ នៅពេលនេះ Inbox របស់អ្នកលែងមានភាពរញ៉េរញ៉ៃហើយ។


Comments
304 responses to “របៀបត្រងយកអ៊ីមែលទៅដាក់មួយដុំ នៅក្នុង Gmail”