ខ្ញុំជាកូនខ្មែរ ខ្ញុំនិយាយភាសាខ្មែរ ខ្ញុំសរសេរអក្សរខ្មែរ ក៏ព្រោះតែខ្ញុំស្រលាញ់ខ្មែរ
តើ IT4Ug.net មានន័យដូចម្ដេចទៅ?
ដំបូងឡើយខ្ញូំចង់ប្រើឈ្មោះ IT4U.net ក៏ប៉ុន្តែត្រូវបានគេទិញរូចបាត់ទៅហើយ។ ដូច្នេះខ្ញុំក៏បានជ្រើសរើសយក IT4Ug.net បែបនេះទៅវិញ។ IT4Ug មានន័យថា៖
- IT4U = Information Technology for You = បច្ចេកព័ត៌មានវិទ្យាសម្រាប់អ្នក
- g = Group = ក្រុម ។
ខាងក្រោមនេះជាគោលបំណងនៃគេហទំព័រមួយនេះ។
គោលបំណងធំៗនៅទីនេះ៖
- ជួយបង្កើនការប្រើប្រាស់ភាសាខ្មែរ នៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា (IT)
- ផ្ដល់បទពិសោធន៍, ជំនាញ, និងជួបជាមួយអ្នកអភិវឌ្ឍ កម្មវិធី និង គេហទំព័រនានា
- ធ្វើការផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថ្មី ក្នុងពិភពកម្មវិធីកុំព្យូទ័រ
- ផ្ដល់ព័ត៌មានផ្សេងៗអំពីវិស័យ បច្ចេកព័ត៌មានវិទ្យា
- អាចស្នើសុំនូវអត្ថបទមេរៀនណាមួយ (ពួកយើងនឹងខំជួយរកជូនលោកអ្នក)
- ធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយ បងប្អូន ជនជាតិខ្មែរនានា ដែលមានជំនាញផ្នែកកុំព្យូទ័រ។
នៅទីនេះ កន្លែងនេះ តំបន់បណ្ដាញនេះ គឺបង្កើតឡើងដើម្បីប្រជាជនខ្មែរ ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាកុំព្យូទ័រនៅក្នុងប្រទេសខ្មែរ ហើយអ្វីដែលផ្ដោតធំបំផុតនៅទីនេះ គឺភាសាខ្មែរ។ តើមានន័យដូចម្ដេច?
នៅសព្វថ្ងៃនេះ វិស័យបច្ចេកវិទ្យាកុំព្យូទ័រមានការរីកចម្រើនខ្លាំង បើប្រៀបធៀបទៅនឹងអតីតកាល។ តែការប្រើប្រាស់ភាសាខ្មែរនៅក្នុងវិស័យនេះ មិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទេ។ តាមដែលខ្ញុំធ្លាប់បានជួបប្រទះមក គឺអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងអ្នកអភិវឌ្ឍគេហទំព័រ ស្ទើរតែ៨០% ទៅហើយដែលពួកគាត់បានប្រើភាសាបរទេសជំនួសភាសាខ្មែរ ក្នុងការនិយាយ ឬ ក្នុងការសរសេរអត្ថបទ ឬ ក្នុងការប្រើប្រាស់កម្មវិធីនានានៅក្នុងកម្មវិធីរបស់ពួកគាត់។ តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងជួយអភិវឌ្ឍភាសាខ្មែរនៅក្នុងវិស័យនេះ ឲ្យរីកចម្រើន ឲ្យមានការប្រើប្រាស់ច្រើន ឲ្យមានប្រជាប្រិយភាព ខ្លាំង។ យើងត្រូវនាំគ្នាគិតថា អ្វីដែលយើងកំពុងតែឈរនៅលើនេះ គឺជាទឹកដីកម្ពុជា យើងកើតជាខ្មែរ អ្វីដែលយើងកំពុងរៀន និងប្រើក្នុងការប្រាស្រ័យទាក់ទងគ្នា គឺភាសាខ្មែរ ដូច្នេះយើងមិនគួរបំភ្លេចចោលបាននោះទេ។ ការប្រើប្រាស់ភាសាខ្មែរនៅក្នុងវិស័យបច្ចេកវិទ្យាកុំព្យូទ័រ គឺជាផ្លូវមួយក្នុងការជួយបង្កើនប្រជាប្រិយភាព ភាសាខ្មែរ និង ឲ្យមនុស្សជាតិមានការស្រលាញ់ភាសាជាតិខ្លួន ប្រសិនបើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាង។
ក្រៅពីនេះ យើងធ្វើការជាក្រុម ដែលម្នាក់ៗអាចផ្ដល់ជាអត្ថបទនានា ដែលខ្លួនបានដឹង ឬ បានស្រាវជ្រាវឃើញ។ យើងខ្ញុំសុំគាំទ្រនូវគេហទំព័រមួយចំនួន ដែលផ្ដល់ជាមេរៀនដ៏សំខាន់មួយ សម្រាប់ប្រជាជនខ្មែរ៖
- http://km.wikipedia.org/ (ជាសព្វវចនាធិប្បាយជាភាសាខ្មែរ)
- http://km.wordpress.com/ (ជារបុំប្លក់ជាភាសាខ្មែរ)
- http://kooms.info/ (បង្កើតដោយលោក ប្រាក់ សុភី, ផ្ដោតធំចំពោះ ការបង្កើតគេហទំព័រ)
- និងគេហទំព័រផ្សេងៗទៀត ដែលនឹងបញ្ចូលនៅពេលក្រោយ។
សូមអរគុណលោកអ្នក ដែលគាំទ្រ ហើយបានចូលទស្សនាគេហទំព័រមួយនេះ។
ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណ ចំពោះបងប្រុស “ស៊ឺន ចែងចើន” ដែលបានឧត្ថម្ភនូវឈ្មោះដូមែន “it4ug.net”។ សូមបងទទួលបាននូវជោគជ័យក្នុងគម្រោង កិច្ចការ នានា។ និងសូមអរគុណដល់បងប្រុសម្នាក់ទៀត ដែលឧបត្ថម្ភ Hosting ផងដែរ។
គេហទំព័រនេះចាប់ផ្ដើមបង្កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង ៧ល្ងាច, ភ្នំពេញ, កម្ពុជា។