ដើម្បីឲ្យសមស្របទៅនឹងភាពសម្បូណ៌បែបនៃបច្ចេកវិទ្យាវ៉ិប នាពេលនេះយើងអាចប្រើពុម្ពអក្សរក្នុងគេហទំព័ររបស់យើង ដោយមិនបាច់ដំឡើងពុម្ពអក្សរក្នុងកុំព្យូទ័រឡើយ។ Google Web Fonts គឺជាជម្រើសដ៏ល្អសម្រាប់ស្ថាបនិកគេហទំព័រនានា ដែលមានបំណងចង់ឲ្យគេហទំព័ររបស់ខ្លួន អាចឲ្យអ្នកដែលមិនមានដំឡើងអក្សរយូនីកូដខ្មែរអាចអានបានដែរ។
ចំពោះការបង្កប់ពុម្ពអក្សរក្នុងប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ (CMS) មិនដូចគ្នាឡើយ ដ្បិតឯកសារនៃប្រព័ន្ធទាំងនោះក៏មិនដូចគ្នាដែរ។ ការបង្កប់ពុម្ពអក្សរយូនីកូដខ្មែរពី Google Web Font ទៅក្នុង Joomla អ្នកអាចរកអានបាននៅ គេហទំព័រ KM-KH.com។ ចំណែកការបង្កប់ពុម្ពអក្សរក្នុង WordPress ឯកជន (សូមកុំយល់ច្រឡំ៖ WordPress មានពីរប្រភេទធំៗគឺ WordPress ឯកជន [wordpress.org] និង WordPress ប្លក់ [wordpress.com]) ថ្ងៃនេះ ខ្ញុំនឹងបង្ហាញមិត្តអ្នកអានឲ្យបានដឹង ព្រមទាំងសរសេរទុកសម្រាប់ជាអត្ថបទជំនួយទៅថ្ងៃមុខ នៅពេលអ្នកចាប់ផ្ដើមរៀនប្រើ WordPress ឯកជន។

នៅក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកឲ្យដឹងពីរបៀបបង្កប់ពុម្ពអក្សរសម្រាប់គេហទំព័រទាំងមូលតែម្ដង។ ដូច្នេះដើម្បីកុំឲ្យខាតពេលយូរ យើងចាប់ផ្ដើមអនុវត្តតែម្ដង។ ក្នុងការប្រតិបត្តិនេះខ្ញុំសុំលើកយក WordPress 3.2.1 និងពុម្ពរូបរាង Twenty Eleven មកប្រើ។
១. ជាដំបូងសូមចូលទៅកាន់ថត /wp-content/themes/twentyeleven ហើយបើកឯកសារ header.php
២. នៅពេលនេះជាដំណាក់កាលបង្កប់អក្សរក្នុងគេហទំព័ររបស់យើង។ ខ្ញុំសុំជ្រើសរើសយកពុម្ពអក្សរ ចេនឡា (Chenla) មកប្រើក្នុងការពិសោធនេះ។ កូដបង្កប់អក្សរ ចេនឡា គឺមានដូច្នេះ៖
<link href='http://fonts.googleapis.com/css?family=Chenla' rel='stylesheet' type='text/css'>
កូដនេះអ្នកត្រូវដាក់នៅពីក្រោមស្លាក <title></title> (សូមមើលរូបខាងក្រោម)
៣. បន្ទាប់ពីយើងបង្កប់រួចរាល់ហើយ ដល់ដំណាក់កាលដាក់ប្រើ។ សូមបើកឯកសារ style.css (ស្ថិតក្នុងថត /wp-content/themes/twentyeleven ដដែល)
៤. បន្ទាប់មកសូមបន្ថែមកូដមួយបន្ទាត់ទៀតគឺ៖
font-family: Chenla;
ទៅក្នុងបណ្ដុំ selector ដូចរូបខាងក្រោម។ (ព្រោះក្នុងបណ្ដុំ selector នោះមានស្លាកមួយឈ្មោះ body ។ ការប្រើប្រាស់ពុម្ពអក្សរ តាមវិធីល្អគួរដាក់ក្នុង selector ឈ្មោះ body។)
៥. នៅពេលនេះសូមបើកគេហទំព័ររបស់អ្នក។ ពេលនោះអក្សរខ្មែរយូនីកូដនឹងផ្លាស់ប្ដូររួចជាស្រេច។
បញ្ជាក់៖ បើអ្នកចង់ឲ្យចំណងជើងអត្ថបទបង្ហាញជាអក្សរផ្សេងទៀត សូមបង្កប់ពុម្ពអក្សរថ្មីតាមជំហានទី២ បន្ទាប់មកបើក style.css ដដែល ហើយស្វែងរក selector ឈ្មោះ h1,h2,h3,h4,h5,h6 ដោយដាក់កូដដូចក្នុងជំហានទី៤។
បើអ្នកមានចម្ងល់បន្ថែមនោះ សូមដាក់មតិក្នុងប្រអប់ខាងក្រោម។





Comments
288 responses to “បង្កប់ពុម្ពអក្សរយូនីកូដខ្មែរពី Google Web Fonts ទៅក្នុង WordPress ឯកជន”