
នៅថ្ងៃនេះខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍ កម្ពុជាបើកទូលាយ (Open Cambodia) ដែលបានឧបត្ថម្ភដោយ Mozilla និង Aspiration Technology។ កម្មវិធីនេះប្រព្រឹត្តិទៅចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទិ១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១។ ពេលនេះខ្ញុំនឹងរៀបរាប់ត្រួសៗអំពីសកម្មភាពព្រឹត្តិការណ៍ ដែលខ្ញុំបានចូលរួម។ តើព្រឹត្តិការណ៍នេះ ផ្ដោតសំខាន់លើអ្វីដែរ? កម្មវិធីនេះត្រូវបានផ្ដោតធំលើប្រព័ន្ធកូដបើកទូលាយ ឬ បើកចំហ ដែលជាភាសាអង់គ្លេសគឺ Open Source។ ក្នុងចំណុចនេះយើងអាចលើកឡើងអំពីបញ្ហាអំពី ការធ្វើប្លក់, ការសរសេរកម្មវិធី, និងប្រធានបទនានាទៀតដែលភាគច្រើនទាក់ទងនឹងបច្ចេកព័ត៌មានវិទ្យា (IT)។ ចំពោះព័ត៌មានបន្ថែមសូមចូលអាន នៅទីនេះ។
ដំណើរការកម្មវិធី
ខ្ញុំគិតថាកម្មវិធីមួយនេះពិតជាល្អណាស់ ព្រោះទិដ្ឋភាពកម្មវិធីនេះមានភាពលក្ខណៈទំនាក់ទំនងសង្គមដែលធ្វើឲ្យខ្ញុំបានស្គាល់មនុស្សផ្សេងៗទៀត ដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។ ហេតុអ្វីបានជាខ្ញុំថាកម្មវិធីនេះមានលក្ខណៈទំនាក់ទំនងសង្គម? ក្នុងកម្មវិធីនេះ ត្រូវបានរៀបចំឲ្យអង្គុយក្បែរអ្នកដែលយើងមិនធ្លាប់ស្គាល់, ហើយម្យ៉ាងទៀតមានម៉ោងមួយនោះ គឺគេចាត់ជាក្រុម ពីលេខ១ ដល់លេខ ១៣ ហើយគេនឹងចង្អុលថាយើងនឹងត្រូវនៅក្នុងក្រុមមួយណា ដូច្នេះយើងមិនបាននៅជាមួយមិត្តភ័ក្ត្រយើងឡើយ ហើយនៅពេលនោះហើយ ដែលបានចាប់ផ្ដើមស្គាល់មនុស្សថ្មីៗ។ ក្នុងការចាប់ជាក្រុមនេះ គឺយើងចូលរួមផ្ដល់ជាសំនួរនៃយើងម្នាក់ៗ ហើយមេក្រុមនិមួយៗនឹងយកសំនួរទៅបិទភ្ជាប់លើក្ដារខៀន បន្ទាប់មកទៀតគឺគេនឹងឲ្យយើងជួយរកមើលថា តើសំនួរនៅក្រុមណាខ្លះដែលដូចគ្នា? ដូច្នេះគេនឹងយកសំនួរដែលដូចៗគ្នា ដាក់ផ្ដុំជាមួយគ្នា ហើយចាប់ជាក្រុមម្ដងទៀត ដែលនិយាយតែអំពីប្រធានបទនោះសុទ្ធ ហើយបើយើងពេញចិត្តប្រធានបទណា យើងចូលស្ដាប់បាន។
នៅពេលបន្ទាប់មកទៀត គេនឹងចាប់ជាក្រុមថ្មី ដែលផ្ដោតលើប្រធានបទសំខាន់ៗបន្ថែមពីលើទៀត។ ខ្ញុំត្រូវបានអ្នករៀបចំ ចាត់ខ្ញុំជាអ្នកធ្វើបទបង្ហាញអំពី WordPress ជាមួយនឹងលោកម្នាក់ឈ្មោះ Robert ដែលបានប្រើ WordPress ជិត៤ឆ្នាំហើយ។ ហើយមានប្រធានបទសំខាន់ៗជាច្រើនទៀតដូចជា៖ ពាក្យបញ្ជាក្នុង Linux, សន្តិសុខ និងសុវត្ថិភាពថែរក្សាទិន្នន័យផ្ទាល់ខ្លួន, ការដំឡើង Add-On លើ Firefox, ការធ្វើការបកប្រែកម្មវិធីកុំព្យូទ័រ និងវ៉ិប, ។ល។
ទាំងនេះជាដំណើរប្រព្រឹត្តិនៃកម្មវិធីតាំងពីពេលព្រឹក រហូតមកដល់ពេលល្ងាចម៉ោង៥។
ក្នុងកម្មវិធីនេះខ្ញុំគិតថា ខ្ញុំទទួលបានបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀត ហើយបានស្គាល់មនុស្សដែលមិនធ្លាប់បានស្គាល់ពីមុនមក ហើយពួកគាត់ពិតជាជិតស្និទ្ធិណាស់។ ដូច្នេះទាំងនេះគឺជាអ្វីដែលខ្ញុំបានចូលរួមនៅកាលពីព្រឹកមិញ និងថ្ងៃមិញ ហើយនៅមានថ្ងៃស្អែកមួយទៀត ដែលជាថ្ងៃបញ្ចប់។ ខ្ញុំនឹងសរសេរអត្ថបទអំពីកម្មវិធីនេះម្ដងទៀតនៅថ្ងៃស្អែក ព្រោះរបៀបវារៈនៃថ្ងៃនិមួយៗខុសៗគ្នា។
ចំពោះរូបភាពវិញ ឲ្យខ្ញុំសូមទោសផង ព្រោះម៉ាស៊ីនថតចេះតែកើតទុក្ខបុកម្នេញ ដូច្នេះថតបានតែរូបមួយពីរប៉ុណ្ណោះ។ តែខ្ញុំនឹងស្វែងរកអ្នកដែលបានថតបានច្រើន រួចនឹងយកមកផ្សាយបន្តនៅទីនេះ។ សូមអធ្យាស្រ័យផង! 🙂
បើអ្នកមានចម្ងល់បន្ថែមទៀតអំពីកម្មវិធីនេះ បើខ្ញុំដឹងខ្ញុំនឹងឆ្លើយប្រាប់ ព្រោះខ្ញុំគិតថាការរៀបរាប់ខាងលើនេះមិនជាក្បោះក្បាយប៉ុន្មានឡើយ។



