លោកអ្នកប្រាកដជាដឹងហើយថា Flash ជាបច្ចេកវិទ្យាមួយរបស់ក្រុមហ៊ុន Adobe ក្នុងការបង្កើតកម្មវិធី (វីដេអូ, គំនូរជីវចល, ហ្គេម…..) ដែលអាចបើកបានស្ទើរតែគ្រប់ប្រព័ន្ធប្រតិបត្តិការ (កុំព្យូទ័រ, ទូរស័ព្ទ)។ ទោះបីជា HTML5 ចេញមក អាចជំនួស Flash បានច្រើនអន្លើក្ដី ក៏ Flash នៅតែទទួលការពេញនិយមក្នុងការប្រើប្រាស់ដែរ។ តាមអត្ថបទផ្សាយថ្មីមួយរបស់ក្រុមហ៊ុន Adobe បានឲ្យដឹងថា ខ្លួន និង Google កំពុងធ្វើការនៅលើបច្ចេកវិទ្យាថ្មីមួយទៀត ដែលមានឈ្មោះថា PEPPER ផ្អែកទៅលើ Flash របស់ក្រុមហ៊ុន Adobe ដើម្បីប្រើនៅក្នុងកម្មវិធីរុករក (Browser) នៅគ្រប់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ រួមមាន Linux ជាដើម។
ប្រហែលជានៅចុងឆ្នាំនេះ Google នឹងធ្វើការចែកចាយកម្មវិធី (plugin) ថ្មីមួយនេះទៅគ្រប់កម្មវិធី Chrome របស់ខ្លួនដែលមាននៅគ្រប់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ រួមមាន Linux ដែរនោះ។ ក្នុងសេចក្ដីប្រកាសផ្សាយរបស់ Adobe ដដែលនោះក៏បានឲ្យដឹងដែរថា៖
«សម្រាប់ជំនាន់ Flash Player ដែលចេញក្រោយ 11.2 សម្រាប់ Linux នោះនឹងទទួលយកបានពី “Pepper” API របស់ Google Chrome ហើយនឹងលែងមានការទាញយកផ្ទាល់ពីគេហទំព័រ Adobe ទៀតហើយ។ Adobe នឹងបន្តផ្ដល់សន្តិសុខសុវត្ថិភាពសម្រាប់ Flash Player 11.2 នៅលើ Linux រយៈពេល ៥ឆ្នាំ រាប់ចាប់តាំងពីពេលជំនាន់នេះបានចេញផ្សាយមក។ ហើយ Adobe នឹងបន្តទ្រទ្រង់ Browser ដែលមិនមែនប្រើបច្ចេកវិទ្យា PEPPER គ្រប់ប្រព័ន្ធប្រតិបត្តិការ លើកលែងតែ Linux មួយប៉ុណ្ណោះ។»
មកដល់ពេលនេះអ្នកដែលគាំទ្រគម្រោង PEPPER ទើបតែមាន Google Chrome មួយប៉ុណ្ណោះ។ ចំណែកឯ Firefox វិញបានប្រកាសផ្សាយថា៖ «នៅពេលបច្ចុប្បន្ននេះ Mozilla មិនបានចាប់អារម្មណ៍ ឬក៏ធ្វើការនៅលើ Pepper ឡើយ»។ ចំណែកឯកម្មវិធីរុករកផ្សេងៗទៀតដូចជា Opera ជាដើមនោះ ពុំទាន់ឃើញវាចាប្រតិកម្មណាមួយឡើយ។
Comments
307 responses to “Flash នឹងលែងមានលើ Linux”