WordPress គឺជាប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ (CMS – Contents Management System) ដែលផ្ដល់ភាពងាយស្រួលដល់ការរៀបចំ, ផ្សាយ, សរសេរអត្ថបទទៅលើបណ្ដាញអ៊ីនធឺណិត។ ប៉ុន្តែអ្នកដឹងទេថា WordPress មានពីរប្រភេទ គឺ៖ WordPress.org និង WordPress.com ។ មានមនុស្សមួយចំនួនបានយល់ច្រឡំ និងយល់មិនច្បាស់រវាងវាទាំងពីរនេះ ដូច្នេះដើម្បីកុំឲ្យមានមន្ទិល និងដើម្បីឲ្យយល់កាន់តែច្បាស់ ថ្ងៃនេះខ្ញុំសូមលើកយកភាពខុសគ្នារវាងប្រភេទទាំងពីរនេះ មកបកស្រាយបញ្ជាក់។
WordPress.com
WordPress.com ជាកម្មវិធីប្លក់ (blogging software) ដាក់ឲ្យប្រើប្រាស់ដោយសេរី ឥតគិតប្រាក់ ហើយមានការថែទាំ ត្រួតពិនិត្យបញ្ហាដោយក្រុមហ៊ុន Automattic។ ហើយម្យ៉ាងវិញទៀត អ្នកក៏ងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ដែរ។ ការប្រើប្រាស់ WordPress.com អ្នកពុំចាំបាច់ត្រូវការមានទីកន្លែងបង្ហោះ (hosting) ឬក៏ត្រូវការ Domain អ្វីឡើយ ព្រោះទាំងនេះគេបានផ្ដល់ឲ្យអ្នករួចជាស្រេច ទីកន្លែងផ្ទុក ៣ជីកាបៃ, និង sub-domain (ឧ៖ abc.wordpress.com) ។
សារៈប្រយោជន៍
- ឥតគិតថ្លៃ និងងាយស្រួលក្នុងការដំឡើង
- អ្វីៗទាំងអស់ត្រូវបានថែទាំ និងត្រួតពិនិត្យ។ ដូចជា៖ ការដំឡើង, ការពាររបស់រំខាន (spam), សុវត្ថិភាព ។ល។
- ប្លក់ (blog) របស់អ្នកស្ថិតនៅលើម៉ាស៊ីនមេ (server) ជាច្រើន ដូច្នេះកុំបារម្ភថាវានឹងទទួលការធ្លាក់ចុះ ហើយមិនមានដំណើរការ។
- រាល់មាតិការបស់អ្នក ត្រូវបានបម្រុងទុកដោយស្វ័យប្រវត្តិ។
- អ្នកនឹងទទួលបានការចូលទស្សនាច្រើនពី សហគមន៍ WordPress.com រួមមាន៖ អត្ថបទប្លក់ប្រចាំថ្ងៃ ជាដើម។
- អ្នកអាចស្វែងរកអ្នកប្រើប្រាស់ប្លក់ផ្សេងៗទៀត នៅក្នុងប្រព័ន្ធប្លក់ WordPress ទាំងមូល
- ទំព័រព័ត៌មាន (Dashboard) របស់អ្នកមានសុវត្ថិភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យា SSL
ផលវិបាក
- WordPress.com មានផ្ដល់ពុម្ពរូបរាង (theme) ជាង ១៦០ ដែលអាចកែប្រែកូដ CSS បាន (តែការកែប្រែនេះ អ្នកត្រូវបង់ថ្លៃសេវាកម្មជាមុនសិន)
- អ្នកមិនអាចផ្ទុកឡើងពុម្ពរូបរាងពីខាងក្រៅមកបានទេ
- អ្នកមិនអាចកែកូដ PHP បានទេ
- ហើយក៏មិនអាចបន្ថែមកម្មវិធីជំនួយពីខាងក្រៅមកថែមទៀតដែរ
បើតាមការពន្យល់ខាងលើ គេនឹងផ្ដល់ឲ្យអ្នកនូវកន្លែងផ្ទុកចំនួន ៣ជីកាបៃ, ចុះប្រសិនបើអ្នកត្រូវការបន្ថែមទៀត? អ្នកចាំបាច់ត្រូវចំណាយថវិកាមួយចំនួនដើម្បីបន្ថែមចំណុះផ្ទុក។ ហើយប្រសិនបើអ្នកចង់ប្រើឈ្មោះ domain ឲ្យដាច់ពី .wordpress.com អ្នកក៏ត្រូវបង់ថ្លៃសេវាកម្មដូច្នោះដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកអាចសរសេរអត្ថបទបានដោយគ្មានចំនួនកំណត់ ហើយរាល់អត្ថបទទាំងអស់ ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ។
តែយើងត្រូវចងចាំមួយថា ប្លក់របស់យើងនឹងត្រូវបិទ ប្រសិនបើយើងល្មើសនឹងច្បាប់នៃការផ្សព្វផ្សាយដែលមានចែងនៅក្នុង លក្ខខណ្ឌសេវាកម្ម។
ដូច្នោះសរុបមកអ្វីដែលគេផ្ដល់ឲ្យយើង គឺមានកម្រិតជាក់លាក់ណាមួយ ហើយសម្រាប់ប្រើជាទូទៅ និងផ្ទាល់ខ្លួន។ តែយើងក៏អាចបន្ថែមកម្រិតទាំងនោះ ដោយប្រើប្រាស់ថវិកាមួយចំនួន។
WordPress.org
រីឯមួយនេះវិញ អ្នកអាចទាញយកកម្មវិធី WordPress ទាំងមូល (វាត្រូវបានគេកែច្នៃ សម្រាប់ប្រើជាឯកជន) ទៅដំឡើងប្រើប្រាស់ជាឯកជន ហើយមានប្លែកពី WordPress.com ខាងលើនេះ។ WordPress.org ជាកម្មវិធីវែបបើកទូលាយ (Open Source) ដែលយើងជាអ្នកប្រើប្រាស់ អាចកែច្នៃកូដ និងធ្វើអ្វីៗតាមដែលយើងប្រាថ្នាចង់បាន។
សារៈប្រយោជន៍
- អ្នកអាចផ្ទុកឡើងបន្ថែមនូវ ពុម្ពរូបរាង ពីខាងក្រៅ
- អាចផ្ទុកឡើងបន្ថែមនូវ កម្មវិធីជំនួយ ពីខាងក្រៅ
- អាចធ្វើការកែប្រែកូដបានដោយសេរី ប្រសិនបើអ្នកមានជំនាញបច្ចេកទេសច្បាស់លាស់
ផលវិបាក
- អ្នកត្រូវមានសេវាកម្មបង្ហោះ (hosting service) ដែលល្អ
- ត្រូវការចំណេះដឹងបច្ចេកទេសច្រើន ដើម្បីធ្វើឲ្យវាមានដំណើរការ
- អ្នកត្រូវទទួលខុសត្រូវនឹងរបស់រំខានផ្សេងៗ (spam)
- អ្នកត្រូវតែបម្រុងទិន្នន័យទុកដោយខ្លួនឯង (backup)
- អ្នកត្រូវតែបន្ទាន់សម័យកម្មវិធីនេះ ដោយខ្លួនឯងនៅពេលដែលកំណែថ្មីៗចេញមក
បន្ថែមពីលើនេះទៀតកម្មវិធី WordPress ឯកជនមួយនេះ អ្នកអាចធ្វើការផ្សាយពាណិជ្ជកម្ម, កែប្រែមូលដ្ឋានទិន្នន័យ។ រីឯការដំឡើងវិញទៀតសោត អ្នកត្រូវតែប្រាកដថាទីកន្លែងដែលអ្នកបង្ហោះ មានសុវត្ថិភាពខ្ពស់ ហើយនិងមានភាពទុកចិត្តជាទីបំផុត ព្រោះមានកន្លែងបង្ហោះមួយចំនួន ផ្ដល់នូវម៉ាស៊ីនមេ (server) មិនល្អ ហើយអាចធ្វើឲ្យគេហទំព័ររបស់អ្នកធ្លាក់ចុះ បើកមិនចេញសោះឡើយ។
ហើយប្រសិនបើអ្នកជ្រើសរើសប្រើ WordPress ឯកជន អ្នកចាំបាច់ត្រូវស្វែងយល់ឲ្យកាន់តែជ្រៅទៅលើផ្នែកកូដ មានដូចជា HTML, CSS, PHP, JavaScript មិនតែប៉ុណ្ណោះអ្នកក៏ចាំបាច់ត្រូវស្វែងយល់អំពីរចនាសម្ព័ន្ធកូដរបស់ WordPress ទៀតផង។
ដូច្នេះសរុបសេចក្ដីអំពី WordPress.org គឺចាំបាច់ឲ្យអ្នកមានជំនាញបច្ចេកទេសច្រើន ដើម្បីគ្រប់គ្រងវាឲ្យមានដំណើរការល្អ និងជៀសផុតពីបញ្ហាផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។
———-
ឈប់សិន!
មុននឹងបញ្ចប់អត្ថបទ ខ្ញុំចង់បញ្ជាក់បន្ថែមអំពីនិមិត្តសញ្ញា WordPress។
- ពណ៌ខៀវ ជា WordPress.com
- ពណ៌ខ្មៅ / ប្រផេះ ជា WordPress.org
សូមប្រយ័ត្ន!
មានការប្រើប្រាស់និមិត្តសញ្ញា WordPress ខុសមួយចំនួន ដូច្នេះសូមមើលរូបខាងក្រោមនេះ ហើយចងចាំទុកនូវនិមិត្តសញ្ញាត្រឹមត្រូវរបស់ WordPress។
———-
ទាំងនេះជាព័ត៌មានអំពីលក្ខណៈនៃ WordPress ទាំងពីរប្រភេទដែលខ្ញុំបានដកស្រង់ខ្លះៗចេញពីគេហទំព័រដើម និងចេញពីការយល់ដឹងរបស់ខ្ញុំ។ តើអ្នកបានយល់អំពីពួកវាទាំងពីរហើយឬនៅ? ប្រសិនបើនៅមានចម្ងល់បន្ថែមទៀត សូមដាក់វាចានៅខាងក្រោមនេះ ខ្ញុំនឹងព្យាយាមឆ្លើយតាមតែអាចធ្វើទៅបាន។

Comments
357 responses to “អំពី WordPress .org និង .com”