ក្នុងពេលបច្ចុប្បន្ននេះការប្រើប្រាស់ Framework កំពុងតែទទួលការពេញនិយម ដោយហេតុតែវាជម្រុញឲ្យការអភិវឌ្ឍកម្មវិធីមានភាពលឿនរហ័សជាងរាល់ដង។ CSS ដែលជាកូដសម្រាប់រចនាទៅលើផ្ទៃទំព័រគេហទំព័រក៏ត្រូវគេបង្កើតឲ្យមានជា Framework ផងដែរ ដែលជួយសម្រួលដល់អ្នករចនាគេហទំព័រឲ្យកាន់តែមានភាពងាយស្រួលក្នុងការងាររចនារបស់ខ្លួន ទាំងទ្រង់ទ្រាយ ទំហំ គម្លាតនិងផ្សេងៗទៀត។ ថ្ងៃនេះខ្ញុំសុំបង្ហាញនូវ framework ចំនួន៥ដែលផ្ដល់ភាពងាយស្រួលព្រមទាំងប្រកបទៅដោយលក្ខណៈសំបូរបែប។
១. Twitter Bootstrap
Twitter បានបង្កើតគម្រោងបើកទូលាយមួយមានឈ្មោះថា Bootstrap ។ នៅក្នុង Bootstrap ផ្ដល់ឲ្យអ្នកនូវលក្ខណៈពិសេសដូចជាស្ទីលរបស់ប៊ូតុង បែបបទ មឺនុយ តារាង ទ្រង់ទ្រាយទំព័រ (Grid, Responsive និង Fluid) និងផ្សេងៗជាច្រើនទៀត ដែលជួយឲ្យការរចនាមានភាពលឿនរហ័ស។ បច្ចុប្បន្ននេះ Twitter Bootstrap ទទួលបានការពេញនិយមយ៉ាងច្រើន។
២. Foundation
Foundation ត្រូវបានបង្កើតឡើងដោយ Zurb ហើយវាក៏មិនខុសអំពី Twitter Bootstrap ប៉ុន្មានដែរ គឺទាំងពីរនេះមានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នាដូចដែលមានរ៉ាយរ៉ាប់ក្នុងផ្នែក Bootstrap ។ ក៏ប៉ុន្តែចំណុចពីរដែលគួរលើកឡើងនៅពេលនេះគឺ UI របស់ Bootstrap មានលក្ខណៈស្រស់ស្អាតជាង Foundation ក៏ប៉ុន្តែ Foundation មានការរៀបចំទ្រង់ទ្រាយទំព័រ Responsive Grid ប្រសើរជាង។
៣. Gumby Framework
ចំណែកឯ Gumby មួយនេះវិញក៏មិនខុសពីពីរខាងលើនេះដែរ វាមាន UI ស្រស់ស្អាតហើយក៏មានលក្ខណៈងាយស្រួលផងដែរ។ នាពេលថ្មីៗនេះ Gumby ទើបតែចេញជំនាន់ទី២ ដែលជាជំនាន់ថ្មីរបស់ខ្លួន។
៤. 960 Grid System
ខុសប្លែកពី framework បីខាងលើ, 960 Grid System ពុំមានការរចនា UI អ្វីនោះឡើយ ប៉ុន្តែវាផ្ដល់នូវការរៀបចំទ្រង់ទ្រាយគេហទំព័របានយ៉ាងល្អប្រសើរដោយមានកាត់ជាប្រឡោះៗបានយ៉ាងល្អ។ ម្យ៉ាងវិញទៀតនោះប្រសិនបើអ្នកទាញយកកញ្ចប់ framework នេះ អ្នកនឹងទទួលបានរបស់សំខាន់ៗជាច្រើនថែមទៀត ដូចជាពុម្ពគំរូ (template) សម្រាប់រចនាគេហទំព័រក្នុងកម្មវិធីផ្សេងៗដូចជា Photoshop, Illustrator, Inkscape, Gimp … ។
៥. Unsemantic
Unsemantic ក៏ដូចទៅនឹង 960 ។ Unsemantic និង 960 ត្រូវបានបង្កើតឡើងដោយម្ចាស់តែមួយ គឺលោក Nathan Smith។
តើអ្នកកំពុងប្រើ framework មួយណា? ហើយតើអ្នកមាន Framework ណាផ្សេងទៀតដែលចង់ប្រាប់មកខ្ញុំវិញដែរទេ?




