មាតិកាអត្ថបទ៖
- តើអ្វីជាប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ?
- តើមានអ្វីប្លែកគ្នារវាងប្រព័ន្ធប្រតិបត្តិការទាំងបី។
- ជម្រើសប្រព័ន្ធប្រតិបត្តិការ។
មានបងប្អូនមួយចំនួនធំ អាចនិយាយថា ពួកគាត់ចេះតែប្រើកុំព្យូទ័រទេ តែអ្វីដែលគាត់កំពុងតែប្រើនៅក្នុងកុំព្យូទ័រ មិនទាន់ដឹងថា ជាអ្វីនោះទេ។ រឿងនេះខ្ញុំសង្កេតឃើញជាច្រើននាក់មកហើយ។ មានបងប្អូនខ្លះគាត់បានហៅ លីនុច ថា “វីនដូស៍លីនុច O.o ”។ប្រព័ន្ធប្រតិបត្តិការដែលល្បីៗនៅលើពិភពលោកមានបីគឺ៖
ចុះម៉េចទៅប្រព័ន្ធប្រតិបត្តិការហ្នឹង?
ប្រព័ន្ធប្រតិបត្តិការ អាចនិយាយបានថាជាកម្មវិធីមេដ៏ធំមួយ ដែលជាអ្នកធ្វើឲ្យកុំព្យូទ័រធ្វើដំណើរការបាន ហើយយើងអាចដំឡើងកម្មវិធីតូចៗផ្សេងៗ (ភាសាវប្បធម៌ហៅថា៖ សមាសកម្មវិធីផ្សេងៗ)។ ហើយអាចបំពេញកិច្ចការរបស់លោកអ្នកបានតាមតម្រូវការផងដែរ។ ជារៀងរាល់ថ្ងៃប្រជាជនខ្មែរភាគច្រើន និយមប្រើ Windows XP ព្រោះវាងាយស្រួល ហើយសាមញ្ញណាស់ ក៏ប៉ុន្តែប្រព័ន្ធមួយនេះ នៅតែដើរមិនទាន់ស្រួលនៅឡើយទេ ព្រោះវាជាប្រព័ន្ធចាស់មួយទៅហើយ។ ប្រព័ន្ធប្រតិបត្តិការទាំងអស់ មិនអាចបំពេញតម្រូវការរបស់លោកបាន១០០% នោះទេ។ ដូច្នេះយើងត្រូវជ្រើសរើសប្រព័ន្ធណាមួយដែលអាចបម្រើយើងបានតាមតម្រូវការ ការងាររបស់យើង។ នៅខាងក្រោមនេះខ្ញុំនឹងរៀបរាប់ពីប្រវត្តិខ្លីៗរបស់ប្រព័ន្ធប្រតិបត្តិការនិមួយៗ តែមិនបានគ្រប់ជ្រុងជ្រោយនោះទេ ហើយខ្ញុំនឹងបង្ហាញពីគុណវិបត្តិ និង គុណសម្បត្តិអំពីប្រព័ន្ធទាំងនេះ៖
១. វីនដូស៍
សព្វថ្ងៃនេះប្រព័ន្ធ វីនដូស៍ បានក្លាយប្រព័ន្ធដែលមានប្រជាប្រិយភាពជាងគេ។ មកទល់ពេលនេះវីនដូស៍ ដែលជាផលិតផលរបស់ Microsoft បានចេញប្រព័ន្ធដែលល្បីៗដូចជា៖ Windows XP, Windows Vista, Windows 7, Windows 8(ដែលកំពុងស្ថាបនា)។ សព្វថ្ងៃនេះប្រព័ន្ធ Windows មានអ្នកប្រើប្រហែលជា86.2% (បើតាមស្ថិតិរបស់ W3School នៅខែមករាឆ្នាំ២០១១)ទៅហើយនៅលើពិភពលោក។ ចំណែកឯ 7និង Vista ពុំសូវមានច្រើននោះទេ ព្រោះប្រជាជនទម្លាប់ប្រើ XP បាត់ទៅហើយ។ បានជា វីនដូស៍ មានអ្នកប្រើច្រើននោះ មកពីប្រព័ន្ធនេះ ត្រូវបានផ្សព្វផ្សាយ ហើយបានដាក់ឲ្យប្រើដោយភាពសម្បូរបែប ដែលកាលពីឆ្នាំ២០០២-២០០៣ ពុំទាន់មានប្រព័ន្ធណាមួយដើរបានល្អដូចនេះទេ ហើយប្រព័ន្ធដែលសម្បូរបែបនោះគឺ Windows XP។ ហើយកាលនោះ ប្រព័ន្ធ Windows XP នេះហើយជាអ្នកជំរុញ និង ជួយសម្រួលកិច្ចការដល់មនុស្សទាំងឡាយ។ ដោយសារតែ Windows XP មានអ្នកប្រើច្រើនព្រោះតែភាពសម្បូរបែប ទើបអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រទាំងឡាយបានបង្វែរខ្លួនមករកវា ចាប់តាំងពីពេលអ្នកអភិវឌ្ឍនានាងាកខ្លួនមករកប្រព័ន្ធនេះដែរ ទើបធ្វើឲ្យវាកាន់តែមានភាពល្បីឡើងៗ រហូតមកដល់សព្វថ្ងៃក៏នៅតែ មានអ្នកប្រើច្រើនដដែល។ ទោះបីជាមានភាពល្បីល្បាញយ៉ាងណាក្ដី ក៏វាមិនទាន់ល្អបានគ្រប់ដប់ដែរ គឺនៅតែមានគុណវិបត្តិខ្លះៗផង គុណសម្បត្តិផង។ (អានព័ត៌មានបន្ថែមនៅលើទំព័រ http://en.wikipedia.org/wiki/Windows)
គុណសម្បត្តិ៖
- មានកម្មវិធីច្រើន អាចបំពេញតម្រូវការបានយ៉ាងល្អប្រសើរ
- ងាយស្រួលប្រើ
- ពេញនិយមនៅទ្វីបអាមេរិក
- ក្រុមហ៊ុនធំៗភាគច្រើនប្រើវា
- រូបរាងមានភាពទាក់ទាញ
- ជាប្រព័ន្ធប្រភេទ កូដបិទជិត (Close Source)
គុណវិបត្តិ៖
- អាចនឹងមានមេរោគចូលលុកលុយបានយ៉ាងងាយស្រួល ប្រសិនបើមិនចេះការពារ
- ពិបាកពេលដំឡើងហើយរក Driver មកដំឡើង
- កម្មវិធីសំខាន់ៗភាគច្រើន ត្រូវការទិញ ទើបប្រើបានពេញលេញ
- ដំណើរការមិនសូវលឿន ព្រោះពេលបិទម្ដងៗ វាត្រូវការរក្សាទិន្នន័យចូល Regidit
- ត្រូវការទំហំធំ ក្នុងការផ្ទុកឯកសារប្រព័ន្ធ (៦ GB → ១៧ GB)
- ដំណើរការមិនសូវរលូន នៅក្នុងកុំព្យូទ័រតូចៗ
- ដំណើរការអក្សរប្រភេទយូនីកូដ UTF-8 មិនសូវរលូន (ដូចជា៖ យូនីកូដខ្មែរ ជាដើម )
ខាងលើនេះគឺជាចំណុចខ្លះៗប៉ុណ្ណោះ ប្រហែលជានៅមានចំណុចផ្សេងៗជាច្រើនទៀត។
ស្ថិតិពី W3Schools នៅខែមករា ឆ្នាំ២០១១ :
- Windows7 : 31.1%
- Windows Vista: 8.6%
- Windows 2003 : 1.0%
- Windows XP : 45.3%
- Windows 2000 : 0.2%
២ . លីនុច

លីនុច បានក្លាយជាប្រព័ន្ធមួយដែលមានប្រជាប្រិយភាពសមគួរផងដែរ ព្រោះតែប្រព័ន្ធនេះមានលក្ខណៈពិសេសៗជាច្រើន ហើយអាចទាញយកទៅប្រើដោយឥតគិតថ្លៃថែមទៀតផង។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយលោក លីនុស ទ័រវ៉ាល់ (Linus Torvalds) ដែលជាអ្នកសរសេរកម្មវិធីកុំព្យូទ័រល្បីល្បាញម្នាក់។
ក្នុងឆ្នាំ ១៩៨៧ ជាមួយប្រាក់សន្សំមួយចំនួន លោក ទ័រវ៉ាល់ បានទិញកុំព្យូទ័រមួយដែលមានឈ្មោះថា Sinclair QL ដែលជាកុំព្យូទ័រដំបូងបំផុតក្នុងពិភពលោក។ តែទោះយ៉ាងណាក្ដី ក៏លោកមិនពេញចិត្តនឹងកុំព្យូទ័រនេះដែរ។ នៅឆ្នាំ ១៩៨៨ លោកបានឈានជើងចូលទៅរៀននៅក្នុងសកលវិទ្យាល័យ ហេសសិនគី (Helsinki)ដើម្បីសិក្សាយកបរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ។ ក្រោយមកលោកបានទិញកុំព្យូទ័រថ្មីមួយទៀតឈ្មោះ IBM នៅក្នុងឆ្នាំ១៩៩១ ដែលមានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ MS Dos តែគាត់នៅតែមិនពេញចិត្តនឹងប្រព័ន្ធនេះទេ។ ក្រោយមកលោកក៏បានសាកប្រើប្រព័ន្ធ MINIX (បង្កើតដោយសាស្ត្រាចារ្យជនជាតិហូឡង់ Andrew Tanenbaum) ដែលជាប្រព័ន្ធពឹងផ្អែកលើ UNIX។ ដោយសារតែ MINIX មិនមានលក្ខណៈជាកូដបើកចំហ ទើបគាត់សាកល្បងបង្កើតប្រព័ន្ធប្រតិបត្តិការមួយដែលធ្វើការពឹងផ្អែកលើ UNIX។ លោក ទ័រវ៉ាល់ បានផ្អាកការសិក្សាដើម្បី យកពេលមកបង្កើតប្រព័ន្ធរបស់លោក ដែលមានរយៈពេលយូរ។ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩៩១ គាត់បានផ្សាយឲ្យក្រុមអ្នកប្រើ MINIX នូវប្រព័ន្ធថ្មីរបស់លោក។ កំណែទី១ត្រូវបានបញ្ចប់ការធ្វើនៅថ្ងៃទី១៧ ខែកញ្ញា ហើយកំណែទី២គឺនៅថ្ងៃទី៥ ខែតុលា។ ហើយប្រព័ន្ធប្រតិបត្តិការរបស់លោកត្រូវបានទទួលជាប្រព័ន្ធផ្លូវការ នៅក្នុងជំនាន់ទី២។ ដោយសារតែមានការពេញនិយមប្រើប្រព័ន្ធមួយនេះ ទើបមិត្តរបស់លោកគឺ Ari Lemmke បានអនុញ្ញាតឲ្យលោក ទ័រវ៉ាល់ ប្រើសេវាកម្ម FTP របស់ Server ftp.funet.fi ដើម្បីចែកឲ្យអ្នកសរសេរកម្មវិធីដទៃទៀតអាចចូលរួមអភិវឌ្ឍ។ លោកបានដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការថ្មីនេះឈ្មោះ LINUX (លីនុច ) ដែកកាត់យកពីពាក្យ Linus’s MINUX។ តែលោកគិតថាដូចជាអាត្មានិយមពេក លោកក៏ចង់ប្ដូរទៅជា Freax វិញ។ ក៏ប៉ុន្តែដោយសារថតនៅលើ FTP បានដាក់ថា Linux បាត់ទៅហើយ ទើបប្រព័ន្ធមួយនេះមានឈ្មោះ Linux (លីនុច ) រហូតមក។ ក្រោយមកទៀតអ្នកសរសេរកម្មវិធីផ្សេងៗក៏បានជួយអភិវឌ្ឍប្រព័ន្ធនេះ រួមគ្នា។ នៅពេលនេះលោក ទ័រវ៉ាល់ ផ្ដោតតែលើ ខឺនែលរបស់លីនុច ប៉ុណ្ណោះដើម្បីឲ្យប្រព័ន្ធដើរបានងាយស្រួល និង កាន់តែប្រសើរ។ (ដកស្រង់ចេញពីសៀវភៅ CM ខ្លះៗ )
ភាពល្បីល្បាញ និង លក្ខណៈពិសេស
ដោយសារតែ លីនុច ទទួលបានភាពល្បីល្បាញនៅលើពិភពលោកនោះ គឺនៅពេលបច្ចុប្បន្នមានប្រព័ន្ធប្រតិបត្តិការផ្សេងៗបានយក លីនុច ធ្វើជាប្រព័ន្ធធំក្នុងការបង្កើតប្រព័ន្ធផ្សេងៗទៀតដូចជា៖ Debian, CentOS, RedHat, OpenSUSE, Ubuntu, moonOS ជាដើម ដែលដាក់ឲ្យដំណើរការនៅលើកុំព្យូទ័រទូទៅ។ លើសពីនេះ លីនុច ត្រូវបានគេយកទៅបង្កើតសម្រាប់ប្រព័ន្ធទូរស័ព្ទ ដែលមានដូចជាប្រព័ន្ធ៖ Android, Maemo និងផ្សេងៗទៀត។ ដោយសារតែប្រព័ន្ធ លីនុច ពុំសូវមានការរចនារូបរាងអេក្រង់ខាងមុខបានស្អាតល្អ (ដូចជាពេល ខ្លះប្រើតែពាក្យបញ្ជាសុទ្ធ ពុំមានរូបបង្ហាញទេ ) ទើបអ្នកអភិវឌ្ឍផ្សេងៗបានបង្កើតរូបរាងអេក្រង់ខាងមុខដើម្បីផ្ដល់ភាពទាក់ទាញឲ្យ លីនុច កាន់តែខ្លាំង។ មានដូចជា៖
- GNOME
- KDE
- LXDE
- Xfce
លីនុច ក៏មានគុណសម្បត្តិ និង គុណវិបត្តិផងដែរ។ ខ្ញុំនឹងរៀបរាប់ត្រួសៗតែមិនបានពេញលេញនោះទេ ទុកឲ្យអ្នករាល់គ្នាជួយបំពេញចន្លោះខ្វះខាតដោយខ្លួនឯង។ (អានព័ត៌មានបន្ថែមនៅលើទំព័រ http://en.wikipedia.org/wiki/Linux)
គុណសម្បត្តិ៖
- ដំណើរការលឿននៅលើម៉ាស៊ីនកុំព្យូទ័រតូចៗ
- មានរចនាបថ រូបភាព ស្អាត និងគួរឲ្យទាក់ទាញ
- កម្មវិធីភាគច្រើនប្រើដោយឥតគិតថ្លៃ
- មិនមានមេរោគចូលលុកលុយ
- ពេញនិយមប្រើច្រើននៅ អឺរ៉ុប ផ្នែកអភិវឌ្ឍគេហទំព័រ
- ត្រូវការទំហំថាសរឹងតូច ដើម្បីផ្ទុកឯកសារប្រព័ន្ធ
- ពេលដំឡើងភ្លាមស្គាល់ Driver តែម្ដង
- ជាប្រព័ន្ធប្រភេទ កូដបើកចំហ (Open Source)
គុណវិបត្តិ៖
- ពិបាកប្រើសម្រាប់អ្នកប្រើកុំព្យូទ័រមុនដំបូង
- មិនមានមេរោគ តែអាចខូចមកពីយើងមិនចេះប្រើ (ចុចនេះចុចនោះ )
- កូនប្រព័ន្ធ (ជាប្រព័ន្ធផ្សេងៗដែលពឹងផ្អែកនៅលើ លីនុច ) ខ្លះត្រូវការក្រាហ្វិក VGA ធំ (3D)
- មិនសូវមានកម្មវិធីពេញនិយម និង សំខាន់ៗប្រើ (ដូចជា៖ Adobe, Autodesk)
- មិនសូវកាន់ថ្ម
- ពេលខ្លះត្រូវការប្រើ ពាក្យបញ្ជា (Command Line) ជាចាំបាច់
ស្ថិតិពី W3Schools នៅខែមករា ឆ្នាំ២០១១ មានចំនួន៖ 5.0%
៣ . Mac OS X

Mac OS X (ត្រូវអានថា Mac OS Ten) ក៏ជាប្រព័ន្ធមួយដែលពឹងផ្អែកនៅលើ UNIX ហើយបានយកកូដមកពី BSD ជាច្រើនរួមមានទាំង Kernel មួយចំនួនទៀតផងដែរ។ Mac OS X ក៏ជាប្រព័ន្ធមានប្រជាប្រិយភាពគួរសមដែរ ដែលភាគច្រើនគឺវាមានសារប្រយោជន៍សម្រាប់អ្នកអភិវឌ្ឍគេហទំព័រ ដូចទៅហ្នឹងកូនប្រព័ន្ធ Linux ផ្សេងៗទៀតដែរ។ ហើយវាគឺជាផលិតផលរបស់ក្រុមហ៊ុន Apple។ Mac OS X ត្រូវបានចេញជារូបរាងនៅក្នុងឆ្នាំ ១៩៩៩ ដែលកាលណោះចេញជា Mac OS X Server 1.0 (ប្រព័ន្ធបណ្ដាញបម្រើ )។ នៅខាងក្រោមនេះជាតារាងអំពីកំណែផ្សេងៗនៃ Mac OS X៖
| កំណែ | ឈ្មោះ កូដ | ថ្ងៃដាក់ប្រកាស | ថ្ងៃចេញប្រើ | កំណែថ្មីៗ |
|---|---|---|---|---|
| Mac OS X Server 1.0 | Hera | March 16, 1999 | 1.2v3 (October 27, 2000) | |
| Public Beta | Kodiak | September 13, 2000 | ||
| 10.0 | Cheetah | March 24, 2001 | 10.0.4 (June 22, 2001) | |
| 10.1 | Puma | July 18, 2001 | September 25, 2001 | 10.1.5 (June 6, 2002) |
| 10.2 | Jaguar | May 6, 2002 | August 24, 2002 | 10.2.8 (October 3, 2003) |
| 10.3 | Panther | June 23, 2003 | October 24, 2003 | 10.3.9 (April 15, 2005) |
| 10.4 | Tiger | May 4, 2004 | April 29, 2005 | 10.4.11 (November 14, 2007) |
| 10.5 | Leopard | June 26, 2006 | October 26, 2007 | 10.5.8 (August 5, 2009) |
| 10.6 | Snow Leopard | June 9, 2008 | August 28, 2009 | 10.6.6 (January 6, 2011) |
| <10.7 | Lion | October 20, 2010 | Expected Q2 2011 |
ស្ថិតិពី W3Schools នៅខែមករា ឆ្នាំ២០១១មានអ្នកប្រើចំនួន៖ 7.8%
សូមអរគុណលោកអ្នកដែលបានអានអត្ថបទមួយនេះ អត្ថបទនេះខ្ញុំសរសេរឡើងដោយប្រើចំនេះផ្ទាល់ខ្លួនខ្លះ និងដកស្រង់ចេញពីឯកសារផ្សេងៗ។ ហើយក៏សូមអភ័យទោសចំពោះត្រង់ផ្នែកអំពី Mac OS X មិនបានសរសេរច្រើន ក៏ព្រោះតែខ្ញុំមិនដែលបានប្រើវា ដូច្នោះហើយទើបខ្ញុំមិនដឹងអំពីសារប្រយោជន៍ របស់វាច្បាស់លាស់នៅឡើយទេ។ តែប្រសិនបើអ្នកអាន មានចំណេះត្រង់ផ្នែកនេះ លោកអ្នកអាចជួយផ្ដល់ជាអត្ថបទបន្តិចបន្តួច ដើម្បីធ្វើឲ្យអត្ថបទមួយនេះឡើងប្រសើរឡើងវិញ។ ហើយអត្ថបទមួយនេះក៏មិនទាន់ជាក្បោះក្បាយណាស់ណាដែរ តែប្រហែលជាវាអាចជួយឲ្យលោកអ្នកយល់បានច្រើនថែមទៀតអំពី ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ។
ដោយសេចក្ដីគោរព ,
ទេព សុវិចិត្រ

Comments
278 responses to “ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ”