
ពុម្ពអក្សរនេះ ខ្ញុំបានប្រើកម្មវិធី Font Forge ដើម្បីគូររាល់អក្សរទាំងឡាយឡើង កម្មវិធីនោះប្រើដោយឥតគិតថ្លៃ ហើយមានដំណើរការបានយ៉ាងល្អនៅលើ Linux (រាល់ថ្ងៃខ្ញុំប្រើលើ moonOS) ។ ដូច្នេះអក្សរនេះជាអក្សរចែកជូនដោយឥតគិតប្រាក់ ចឹងប្រើកម្មវិធីឥតគិតប្រាក់ថែមទៀតទៅ រឹតតែប្រសើរ។ 😉
មូលហេតុដែលខ្ញុំធ្វើ និងដាក់ឈ្មោះ ពុម្ពអក្សរមួយនេះ
រូបរាងនៃអក្សរនេះខ្ញុំបានប្រទះឃើញដំបូងនៅក្នុងខិតប័ណ្ណមួយ កាលពីឆ្នាំ១៩៦៣ ស្ដីពីប្រៃសណីយ៍និងទូរគមនាគមន៍។ ដោយហេតុឃើញថាអក្សរនោះងាយស្រួលធ្វើ ហើយមានរូបរាងស្អាតផងនោះ ខ្ញូំក៏បានសម្រេចចិត្តថាត្រូវធ្វើអក្សរនេះឲ្យបានរួច។ ចំណែកឈ្មោះវិញនោះ ខ្ញុំគិតថាខ្ញូំយកចេញពីខិតប័ណ្ណនោះ ដូច្នេះដាក់ថា ខ្មែរទូរគមនាគមន៍ បែបនេះតែម្ដងទៅ ឈ្មោះនេះក៏ល្អម្យ៉ាងដែរ។
ដំណើរការបង្កើតពុម្ពអក្សរ
ពុម្ពអក្សរនេះខ្ញុំបានចំណាយពេលជាង១សប្ដាហ៍ដើម្បីធ្វើឲ្យបានចប់រួចរាល់។ ខ្ញុំក៏មិនបានធ្វើពេញៗមួយថ្ងៃដែរ ធ្វើពេលខ្លះបាន ២ម៉ោង ពេលខ្លះបាន ៤ ទៅ ៦ ម៉ោងជាដើម។ ហើយចំពោះការរចនាពុម្ពអក្សរវិញនោះ នៅក្នុងរូបដើមមានអក្សរត្រឹមតែប្រហែល ១០%ប៉ុណ្ណោះ ដូច្នេះ៩០% ខ្ញុំត្រូវតែរិះគិតច្នៃប្រឌិតឡើងវិញទាំងអស់។ ហើយអក្សរដើមដែលមានប្រហែល ១០%នោះ ខ្ញុំក៏បានយកមកកែច្នៃថែមឡើងវិញដែរ ព្រោះអក្សរដើមគេនោះ មិនស្មើសាច់គ្នាទេ។ ដូច្នេះទោះបីជាយកគម្រូពីអក្សរពីដើមមកធ្វើមែន តែក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនដែរ ព្រោះយើងមិនអាចថាអក្សរពីដើមមានគ្រប់តួឡើយ អក្សរខ្លះមានតែបីបួនតួ ហើយត្រូវយកមកគិតច្នៃប្រឌិតបន្ថែមទៀតឲ្យមានភាពប្រហាក់ប្រហែលគ្នា។
ពុម្ពអក្សរនេះខ្ញុំបានធ្វើរួចកាលពីល្ងាចថ្ងៃ ៣០ ខែសីហា ឆ្នាំ២០១១ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ មានទំហំ ១៦០.២គីឡូបៃ អាចប្រើបាននៅលើកម្មវិធីការិយាល័យ , កម្មវិធីរចនារូប Photoshop ។ ដូច្នេះសូមអញ្ជើញទាញយកទៅប្រើដោយក្ដីរីករាយ។

Comments
365 responses to “អីយ៉ា! អក្សរយូនីកូដខ្មែរថ្មីចេញទៀតហើយ មានឈ្មោះថា ខ្មែរទូរគមនាគមន៍”