
ដើម្បីអបអរឆ្នាំ២០១២នេះ ខ្ញុំបានព្យាយាមធ្វើពុម្ពអក្សរយូនីកូដខ្មែរថ្មីមួយទៀត ដែលបានផ្ដើមធ្វើកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២។ ពុម្ពអក្សរនេះបានចាប់ផ្ដើមធ្វើចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១ មកម្ល៉េះ។
ម្ដេចក៏ខ្ញុំដាក់ឈ្មោះដូច្នេះ? បាទ! មិត្តសាលាបាលី គឺជាឈ្មោះសៀវភៅទស្សនាវដ្ដីមួយ ដែលមានការផ្សព្វផ្សាយតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ។ ទស្សនាវដ្ដីនេះ មានសរសេរអំពីវប្បធម៌ អរិយធម៌ ប្រពៃណី សាសនា និងអក្សរសាស្ត្រខ្មែរ។ ដោយសារតែខ្ញុំពេញចិត្ត ទៅនឹងអក្សរលើក្របសៀវភៅនេះ ក៏ធ្វើឲ្យខ្ញុំមានចិត្តចង់ធ្វើពុម្ពអក្សរនេះឡើង។
ការដាក់ឈ្មោះបែបនេះ ក៏ព្រោះខ្ញុំចង់រំឭកនូវការចំណាយពេល និងកម្លាំងរបស់បុព្វបុរសយើង ក្នុងការលើកតម្កើងអក្សរសាស្ត្រ ផ្សព្វផ្សាយវប្បធម៌ ប្រពៃណី បានយ៉ាងទូលំទូលាយ និងសុះសាយ។ សម្រាប់សមិទ្ធិផលនេះ ខ្ញុំសូមឧទ្ទិសជូនដល់ក្រុមគណៈកម្មការរៀបចំ ព្រមទាំងសមាជិកនៃ ទស្សនាវដ្ដីមិត្តសាលាបាលីទាំងអស់ ដែលបានចែកឋានទៅឆ្ងាយហើយនោះ។
ពុម្ពអក្សរនេះខ្ញុំចំណាយពេលធ្វើប្រហែល ១ សប្ដាហ៍ ដោយផ្អែកទៅលើតួអក្សរបួនដប់តួ ដែលមាននៅលើក្របសៀវភៅដើម ហើយនិងតួអក្សរផ្សេងៗទៀតកើតចេញពីការច្នៃប្រឌិត ដើម្បីឲ្យសមរូបរាងនៃអក្សរដើម។ ប្រសិនបើមានកំហុសឆ្គងត្រង់អក្សរណាមួយ សូមមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំផងបាទ។
អរគុណសម្រាប់ការគាំទ្រ! សូមឲ្យទទួលបានភាពសប្បាយរីករាយ ក្នុងការប្រើប្រាស់ពុម្ពអក្សរយូនីកូដខ្មែរថ្មី នៅដើមឆ្នាំ ២០១២ នេះ។ 🙂
បានកែសម្រួល៖ សូមទាញយកកំណែ ២.០
ប្រសិនបើលោកអ្នក ពេញចិត្តនឹងការងារនេះ ហើយចង់ធ្វើការបរិច្ចាគប្រាក់ដើម្បីលើកទឹកចិត្ត សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៧ ៩០៩០ ៣៦៩ ឬក៏តាមរយៈអ៊ីមែល sovichet.tep@gmail.com

Comments
304 responses to “ពុម្ពអក្សរយូនីកូដខ្មែរ៖ មិត្តសាលាបាលី”